ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោមានប្រសាសន៍ថា ទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព ពីព្រោះជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេសការធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមរយៈនេះ អាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពល ខេមរភូមិន្ទដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុដើម្បីជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។
សម្ដេចតេជោបញ្ជាក់ថា «តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជាមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង»។
សម្ដេចតេជោបន្ថែមថា ទន្ទឹមនឹងនេះដោយមានការជួយជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឲ្យកងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់កងយោធពលខេមរភូមិន្ទ ដោយតបានលើកកម្ពស់សមត្ថភាពជាប្រចាំ ហើយមានសមត្ថភាពឯកទេសជំនាញច្រើនដែល អាចនិងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
សម្តេចក៏បន្ថែមថា កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឲ្យបានជាប់ជាប្រចាំត្រៀមកម្លាំង ដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន ។ កងទ័ពត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយ សមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ៕