ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ កំពុងដំណើររកដំណោះស្រាយឲ្យពលរដ្ឋ ករណីទិញផ្ទះ និងដីឡូត៍ពីបុរី វីអាយភី

ភ្នំពេញ ៖ ដើម្បីពន្លឿននៃការដោះស្រាយ ជូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែង និងដីឡូត៍ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យ​លោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សា​ រកដំណោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។

កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការរកដំណោះស្រាយករណីពលរដ្ឋនិងក្រុមហ៊ុនបុរី វីអាយភី ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ ។

ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំបានឯកភាពគ្នាចំនួន៤ចំណុច ក្នុងនោះ រួមមាន៖ ១. រដ្ឋបាលខណ្ឌដង្កោ ត្រូវដឹកនាំក្រុមការងារ ដែលមានការចូលរួមពីទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងផ្ទះ-ដីឡូតិ៍ ដើម្បីធ្វើការផ្ទៀងផ្ទាត់ ស្ថិតិរបស់ប្រជាពលរដ្ឋ និងស្ថិតិរបស់ក្រុមហ៊ុនបុរីវីអាយភី ចាប់ពីគម្រោងទី១ ដល់គម្រោងទី៦បានច្បាស់លាស់។

២. ស្នើនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច ត្រូវធ្វើការងារនេះ ជាមួយម្ចាស់បំណុលផ្ទាល់ថា តើក្រុមហ៊ុនបានសងទៅម្ចាស់បំណុល បានប៉ុន្មានហើយ រួចមកផ្ទៀងផ្ទាត់ បំណុល របស់ក្រុមហ៊ុនបុរីវីអាយភី និងដើម្បីពិនិត្យមើលអតិថិជនរូបណា ដែលបានអនុវត្តតាមកិច្ចសន្យា និងមិនបានអនុវត្តតាមកិច្ចសន្យា ជាមួយក្រុមហ៊ុន ដើម្បីមានមូលដ្ឋាន ក្នុងការដោះស្រាយជូនគាត់។

៣. ក្រោយពីប្រជុំរួច រដ្ឋបាលខណ្ឌត្រូវយកលទ្ធផល នៃកិច្ចប្រជុំថ្ងៃនេះ ទៅធ្វើការផ្សព្វផ្សាយ និងណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យអាជ្ញាធរ សម្របសម្រួលដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ និង៤. បន្ទាប់ពីបានលទ្ធផលខាងលើ អង្គប្រជុំនឹងប្រជុំម្តងទៀត នៅសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top