ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសវៃផ្តាច់ព្រឹត្រ្តក្រុមប្រឆាំងតែម្តង ដោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត យករូបមន្តតាមប្រទេសថៃ ចំពោះអ្នកដែលមិនទៅបោះឆ្នោត គឺគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ ។
សម្តេចបានលើកពីគំរូរបស់ថៃ មកពន្យល់ថា “យើងយកតាមរបស់ថៃ ទោះបីជាព័ត៌មានមិនទាន់ផ្លូវការ ក៏ដោយ តែមានគណបក្សនយោបាយមួយ បាត់បង់រហូតដល់៨នាក់ ដោយសារមូលហេតុ អ្នកតំណាងរាស្ត្រនោះ មិនបានបោះឆ្នោតលើកទី១ពេលគេពិនិត្យបេក្ខភាពមួយម្តងៗ។ គេបានបដិសេធចោលអ្នកតំណាងរាស្ត្រ៨នាក់ រួចហើយ១៨មណ្ឌល ត្រូវបោះឆ្នោតឡើងវិញ ហើយបោះឆ្នោតឡើងវិញគណបក្ស នយោបាយដដែលនោះគ្មានសិទ្ធិ ដាក់បេក្ខភាពនោះទេ” ។
ការថ្លែងសារអំពីការប្រកាសធ្វើវិសោធនកម្មនេះ បន្ថែមពីលើអ្វីដែលសម្តេចនាយករដ្ឋមន្រ្តីបានថ្លែងម្តងរួចកាលពីរាត្រីថ្ងៃ១២ មិថុនា តាមរយៈសារជាសំឡេងបង្ហោះក្នុងបណ្តាញតេឡេក្រាមជាង១០នាទី ។ ការនិយាយម្តងទៀតរបស់សម្តេចនេះបានធ្វើឡើងក្នុងជំនួបជាមួយកម្មករ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា ។
ការប្រកាសរបស់សម្តេចតេជោនេះ បន្ទាប់ពីក្រុមប្រឆាំងទាំងនៅក្នុងនិងក្រៅប្រទេសបាននាំគ្នាជជែកវែកញ៉ែក ក្នុងលក្ខណៈមិនឲ្យពលរដ្ឋទៅបោះបោះឆ្នោត ក្រោយគ្មានវត្តមានបក្សភ្លើងទៀន។
សម្តេចតេជោបានឆ្លៀតយកវេទិកាជួបកម្មករ នាថ្ងៃ១៣ មិថុនា លើកពីកិច្ចប្រជុំនៅក្រៅប្រទេសរបស់ ក្រុមប្រឆាំងដែលពួកគេនិយាយពីយុទ្ធនាការ Wifi និងយុទ្ធនាការហ្វេសប៊ុកថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ បើនៅបង្ខំទៅបោះឆ្នោត ខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល” ។ ដោយសារចំណុចនេះ ហើយទើបស្ថានការណ៍បានរុញច្រានសម្តេចត្រូវបង្ខំចិត្តវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលខាងមុខ “យើងត្រូវធ្វើការកែទម្រង់ នូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត » ។
សម្តេចក៏បានថ្លែងឌឺដងទៅក្រុមប្រឆាំងទៀតថា បើក្រុមប្រឹក្សារូបណា ចិត្តសឿង កុំទៅបោះឆ្នោត ដើម្បីឲ្យបាត់សិទ្ធិជាស្ថានពរ ទាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ហើយក៏មិនអាចឈរ មិនបានទាំងតំណែងព្រឹទ្ធសភា រដ្ឋសភាឆ្នាំ២០២៨ ។ ក្នុងនោះ សូម្បីតែតំណែងក្រុមប្រឹក្សាស្រុក-ខេត្ត ឆ្នាំ២០២៤ ក៏ឈរមិនបានដែរ ។
សម្តេចគូសបញ្ជាក់ថា «អីចឹងឥឡូវយើងយករូបមន្តតាមថៃ សម្រាប់ការបោះឆ្នោតទាំងអស់ដែលឥឡូវនេះសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធិ កំពុងធ្វើ ។ តែខ្ញុំចេញសារយប់មិញ ដើម្បីវៃអ្នកឯងឲ្យចំកញ្ចប់មាត់ និងផ្តាច់ព្រ័ត្រតែម្តង។ គឺត្រង់ថា បើកអ្នកឯងមិនបានបោះឆ្នោតថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ តំណែងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានីសម្រាប់សមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភានៅឆ្នាំ២០២៨»។
ទោះបីជាយ៉ាងសម្តេច នាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខិតខំធ្វើកិច្ចការនេះ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តឲ្យបានមុខ ពេលបោះឆ្នោតខាងមុខ។ ធ្វើបែបនេះ ដើម្បីទះកំភ្លៀងអ្នកឯងឲ្យកប់នៅជញ្ជាំងតែម្តង។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា «អីចឹងអ្នកឯងអត់បានឈរឈ្មោះមួយជីវិត ប្រាប់លោកឯងឲ្យដឹង ព្រោះលោកឯង ក៏មិនបានមកបោះឆ្នោតដែរ បញ្ជីបោះឆ្នោតបានអនុម័ត ទាំងពីខែតុលាឆ្នាំទៅ ហើយគេពិនិត្យរួចហើយ។ អីចឹងឥឡូវចង់ចុះឈ្មោះបោះឆ្នោតក៏មិនអាចបានដែរ។«…»ពួកនេះហៅឯកឧត្តមលោកជំទាវមិនសមទេ គឺហៅពួកអាល្ងង់ មីងល្ងង់សមជាង» ។
ការធ្វើវិសោធនកម្មបោះឆ្នោតនេះច្រើន លើកមកហើយ កាលពីធ្វើវិសោធនកម្មចុងក្រោយប៉ុន្មាន ឆ្នាំមុននោះ គឺនិយាយអំពីសញ្ជាតិ របស់ថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា ក្រោយពីក្រុមប្រឆាំងចោទសម្តេចថា មានសញ្ជាតិ២មួយសញ្ជាតិខ្មែរ និងមួយទៀតសញ្ជាតិសាយប្រឹស៕