ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន២៥។ ពិព័រណ៍បានចាប់ផ្តើមហើយនាព្រឹកថ្ងៃ១៣ មិថុនានេះ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងគោលបំណងសំខាន់ គឺបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម , ការដាក់ពាក្យ , ស្នើសុំការងារ , សម្ភាសការងារ ជូនសាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ ។
ក្នុងពិធីបើកពិព័រណ៍លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ឲ្យបានទៅដល់សាធារណជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរ កាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការជួយតម្រង់ទិស ការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេង។
លោកស្រីថា ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យនៅមួយ កន្លែងដោយងាយស្រួល។
លោក លីវ យូតុង តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) ចាត់ទុកថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ជាឱកាសយ៉ាងល្អប្រសើរ សម្រាប់អ្នកស្វែងរកការងារធ្វើ ពិសេសយុវជន។ លោកបន្ថែមថា ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ហើយក៏ជារឿងដ៏សំខាន់ដែលអង្គការ ILO កំពុងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងផងដែរ។
ចំណែក លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញថ្លែងថា ទីផ្សារការងារកម្ពុជា បច្ចុប្បន្នកំពុងត្រូវការកម្លាំង ពលកម្មជាច្រើន ជាក់ស្តែង ក្នុងរយៈពេលពីរថ្ងៃនេះ NEA និងសហភាពសហព័ន្ធកម្ពុជា រាជធានីភ្នំពេញបានសហការគ្នារៀបចំ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះឡើង ដោយនាំយកឱកាសការងាររហូតដល់៤៥០០ កន្លែងសម្រាប់ផ្តល់ជូនយុវជន ។
កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួន ចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាទៀតផង។ កញ្ញាបន្ថែមថា ធនាគារ ABA មានឱកាសការងារជាច្រើន ក្នុងមុខតំណែងផ្សេងៗគ្នាសម្រាប់ផ្តល់ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ធ្វើនៅក្នុងពិព័រណ៍រយៈពេលពីរថ្ងៃនេះ៕