ភ្នំពេញ ៖ បន្ទាប់ពីបានបើកយុទ្ធនាការ បានរយៈពេល ២សប្ដាហ៍មក យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើត ឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារពីសប្បុរសជន ជាង២០ម៉ឺនានាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។ នេះបើតាមហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា ។

មូលនិធិគន្ធបុប្ផាកម្ពុជា គឺ ជាស្ថាប័នជាតិមួយ ដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារ ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។
មូលនិធិគន្ធបុប្ផាកម្ពុជា លើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹម របស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ ៕
