ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយ ដ៏មានសក្តានុពល សម្រាប់ពិភពលោក ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ ឧស្សាហកម្ម ៤.០។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នារសៀលថ្ងៃ១៤ មិថុនា លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម ដែលបានសហការយ៉ាងជិតស្និត ជាមួយក្រុមហ៊ុន INTECH DEV CO., LTD. និងបានអនុវត្តដោយជោគជ័យ នូវការអភិវឌ្ឍប្រព័ន្ធស្វ័យ ប្រវត្តកម្ម ដោយកត់សម្គាល់ឃើញថា ក្រុមការងារពាក់ព័ន្ធទាំងអស់ សហការ គ្នាយ៉ាងល្អរហូត សម្រេចបានសមិទ្ធផល គួរជាទីមោទក ដោយទទួលបានទំនុកចិត្តពីអាជីវករ យ៉ាងច្រើនមកដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនាពេលកន្លងមក។
លោកបញ្ជាក់ថា «វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយ ដ៏មានសក្តានុពល សម្រាប់ពិភពលោកទាំងមូល នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្ម នៅក្នុងប្រទេសកម្ពុជា យើងកំពុងមានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ។ ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និង ផ្តល់នូវទំនុកចិត្តដល់អន្តរការី និង បុគ្គលផ្ដល់សេវា ដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជន ដែលប្រើប្រាស់ សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក» ។
លោករដ្ឋមន្រ្តីបន្ថែមថា រាជរដ្ឋាភិបាល បានអនុម័តច្បាប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងអនុក្រឹត្យ ស្តីពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង៕