ព័ត៌មានជាតិ

សម្តេចតេជោ នឹងផ្អាកជួបកម្មករ នាថ្ងៃយុទ្ធនាការបោះឆ្នោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមរោងចក្រដើម្បីសួរសុខទុក្ខ ប៉ុន្តែនឹងត្រូវផ្អាកត្រឹមថ្ងៃយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ តែនឹងបន្តជួបទៀតក្រោយក្រោយបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យុទ្ធនាការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃ១-២១កក្កដា ។

ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនៅខេត្តកំពង់ចាម នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា បើយើងជ្រុលតែធ្វើហើយត្រូវបន្តជួបទៀត(កម្មករ)យើងមានពេល ហើយបើតាមខ្ញុំគិតគូរបស់ខ្ញុំយើងផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែពេលបោះឆ្នោត ហើយយើងចាប់ផ្តើមវិញ»

សម្តេចតេជោបានលើកឡើងថា បើនៅបន្តជួបកម្មករ ក្នុងពេលយុទ្ធនាការបោះឆ្នោតនោះ នឹងមានការផាកពិន័យជាមិនខាន ព្រោះខុសច្បាប់មិនអនុញ្ញាតឲ្យ។

សម្តេចតេជោថា «បើសិនចុះតាមរោងចក្រនៅក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្តល់លុយកាក់ដល់អ្នកមានផ្ទៃពោះ ឬមានម្ហូបអាហារនិងអ្វីទៀតនោះ គេផាកនិងប្តឹងយើង អីចឹងយើងត្រូវគោរពតាមការច្បាប់បោះឆ្នោត»។

សម្តេចតេជោក៏បន្តថា គោលដៅរបស់សម្តេចនឹងជួបកម្មករចំនួន១៨លើក ប៉ុន្តែមកដល់ពេលនេះ បានជួប១២លើកហើយ នៅសល់ប៉ុន្មានកន្លែងទៀត អាចបន្តជួបក្រោយបោះឆ្នោត ឬប្រកាសរាជរដ្ឋាភិបាលថ្មីពី៥-១០ កន្លែងទៀត។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការចុះជួបនេះដើម្បីចង់ដឹងពីស្ថានភាពរបស់កម្មករ-កម្មការិនីយ៉ាងណាម៉េចខ្លះដែលពួកគេជួបការលំបាក ងាយស្រួលរកដំណោះស្រាយ៕

To Top