ព័ត៌មានជាតិ

សម្ដេចតេជោ ៖ វិសោធនកម្មច្បាប់បោះឆ្នោត បានដល់ដៃរដ្ឋសភា តើក្រុមប្រឆាំងគិតអ្វីទៀត?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ ខណៈសម្ដេចរង់ចាំមើលថាតើក្រុមប្រឆាំង នៅក្រៅប្រទេសធ្វើអ្វីបន្តទៀត?

នាឱកាសបន្តចុះជួបកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា អ្នកខ្លះមកបំផ្លាញកម្ពុជា ក្នុងពេលវេលាកំពុងដំណើរការរៀបចំការបោះឆ្នោត និងបំផ្លាញនៅពេលរាប់សន្លឹកឆ្នោតផងដែរ ដូច្នេះអ្នកទាំងនោះត្រូវមានទោស និងទទួលផាកពិន័យ។ សម្ដេចថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឲ្យមានការរារាំង និងបំផ្លាញការបោះឆ្នោត ។

សម្ដេចគូសបញ្ជាក់ថា «សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់សភាតាំងពីម្សិលមិញ។ ខ្ញុំកំពុងតែមើលឃើញថា តើគេ(ក្រុមប្រឆាំង)គិតគូអីទៀតៗ ។ នេះជាសេចក្ដីព្រាងច្បាប់ ដែលបានបញ្ជូនទៅដល់រដ្ឋសភាហើយ។ អីចឹងចាំមើលគេធ្វើអ្វីទៀត យើងអត់មានធ្វើអ្វី អ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយ ដោយមិនរំខានដោយពួកណាក៏ដោយ ដោយអ្នកណាក៏ដោយ»។

សម្ដេចតេជោថា ក្រុមប្រឆាំងជំរុញរាជរដ្ឋាភិបាល បង្កើតច្បាប់បោះឆ្នោត ដើម្បីទប់ស្កាត់នូវគោលដៅ មកបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ សម្ដេចថា «នៅពេលច្បាប់នេះចូលជាធរមាន អ្នកនៅខាងក្រៅរួចខ្លួន កុំស្ដាប់ការញុះញង់អ្នកនៅខាងក្រៅ ពិសេសអាជនក្បត់ ៣ជំនាន់»។
សម្តេចតេជោបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សូមរំលឹកថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងមានការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល សម្រាប់អ្នកមានគំនិតរារាំងដល់ដំណើរការបោះឆ្នោត និងពី១០លានរៀល ទៅ ៣០លានរៀល ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តិល្មើស។ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត៕

To Top