ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាកងកម្លាំង ទប់ស្កាត់ ក្រុមឧទ្ទាម នៅវៀតណាម អាចរត់ចូលកម្ពុជា ខណៈមេក្លោងអាច កំពុងលាក់ខ្លួននៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាថ្មីទៀតបានចេញបទបញ្ជា ទៅកាន់កងកម្លាំង ប្រដាប់អាវុធ ស្រាវជ្រាវ និងទប់ស្កាត់ក្រុមឧទ្ទាម វាយប្រហារនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា ខណៈសម្ដេចក៏បានដាក់ការសង្ស័យដែរថា មេជនឧទ្ទាមទាំងនោះ អាចកំពុងសម្ងំលាក់ខ្លួន ក្នុងប្រទេសកម្ពុជា ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ចាម នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសជិតខាងកម្ពុជា មានកិច្ចព្រមព្រៀង គឺមិនប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាមឡើយ ។

សម្ដេចតេជោបញ្ជាក់ថា «កងទ័ពទោះបីរាយប៉ុន្មានក៏ដោយ វាមិនគ្រប់ទេព្រោះរាប់រយគីឡូម៉ត្រ ចឹងពេលយប់វាលួចឆ្លងដែន ចូលមករស់នៅតាមភូមិ ចឹងសូមបញ្ជាឲ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាមភូមិឲ្យជាក់លាក់ ប្រយ័ត្នមកដេកនៅស៊ីបាយក្នុងភូមិនៅទីនោះ ត្រូវធ្វើរឿងនេះឲ្យច្បាស់ ខ្ញុំជឿថាបណ្ដាញរបស់វា គឺចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្មចូលទៅក្នុងប្រទេសសវៀតណាម» ។

សម្ដេចតេជោបន្តថា រឿងនេះធ្លាប់កើតមានពីមុនមកហើយ ដែលពួកក្រុមនេះឡើងទៅនៅមណ្ឌលគិរី រតនគិរី បង្កើតឲ្យមានជនភៀសខ្លួន ឆ្នាំ២០០៣ ២០០៤ និង២០០៥ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «រឿងគឺជាស្ថានភាពធ្ងន់ធ្ងរ ដែលខ្ញុំត្រូវតែបញ្ជាដាច់ខាត គឺអត់មានការលើកលែងទេ ហើយសូមអង្គការ អន្តរជាតិទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ នេះមិនមែនជាបញ្ហាការស្វែងរកសិទ្ធិជ្រកកោន ខាងនយោបាយ ឬស្វែងរកជីវភាព សេដ្ឋកិច្ចខ្ពស់ជាងទេ ប៉ុន្តែនេះជាប្រភេទ អំពើភេរវកម្ម ឬហៅថាជាប្រភេទបង្កអសន្តិសុខ មហន្តរាយ ទៅដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិ របស់ជនជាតិ វៀតណាម ការខូចខាតលុយកាក់វាមិនធំទេ តែសន្តិសុខជាតិ របស់វៀតណាមត្រូវបានបាត់បង់» ។

សម្ដេចនយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សម្ដេចមានការទទួលខុសត្រូវមួយ ដោយយល់ច្បាស់ថា រឿងដែលកើតនៅលើទឹកដីវៀតណាម មានបណ្ដាញចេញពីកម្ពុជាជាក់លាក់ គឺមានអង្គការចាត់តាំង លឺថាមានកម្លាំងប្រហែលជា ៦០០នាក់ បើកម្លាំងប៉ុណ្ណេះគឺមិនតូចតាចទេ ។ សម្ដេចថា ករណីនេះត្រូវសហការជាមួយភាគីវៀតណាម ហើយអ្វីដែលអាចធ្វើបាន គឺធ្វើនៅក្នុងទឹកដីកម្ពុជា ។

សម្ដេចបន្ថែមថា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យចំពោះបញ្ហានេះ ។ សម្ដេចថា កុំផ្អែកលើបញ្ហាហើយនាំគ្នាបង្កើតកុងត្រូលជជុះ ត្រូវនាំគ្នាបង្កើតបណ្ដាញស៊ើបការសម្ងាត់ទើបជាបញ្ហាសំខាន់ ។

សម្ដេចបញ្ជាក់បន្ថែមថា «ចំណុចនេះជាការចេញបញ្ជា ដោយចំហនៅថ្ងៃនេះ ដើម្បីត្រួតត្រាសភាពការណ៍ក្នុងប្រទេសរបស់យើង ហើយកុំឲ្យប្រទេសរបស់យើងក្លាយជាកន្លែងឆ្លងកាត់ និងមូលដ្ឋានផ្គត់ផ្គង់ភស្តុភាទៅឲ្យកម្លាំងប្រដាប់អាវុធ ប្រឆាំងក្នុងប្រទេសវៀតណាម នេះជាការទទួលខុសត្រូវរបស់កម្ពុជា» ។

ជាមួយគ្នានោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានដល់អង្គការ អន្តរជាតិនានា ដែលធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា ត្រូវគេចចេញពីឧក្រិដ្ឋកម្ម ដែលពួកនេះបានធ្វើ ហើយបើសិនជាពួកអ្នកឯងទទួលយកពួកឧទ្ទាមពីវៀតណាម ស្មើនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្ម លើប្រជាជនវៀតណាម ។ សម្ដេចក៏ព្រមានបិទការិយាល័យអង្គការ ទាំងនោះនៅទីក្រុងភ្នំពេញ បើសិនហ៊ានបំពានទៅលើអ្វីដែលជាក្រឹត្យក្រមធម្មតា រវាងរដ្ឋនិងអង្គការអន្តរជាតិនានា ។

សម្តេចតេជោថ្លែងថា ទោះបីក្រុមភេរវកម្មមកពីស្រុកណា មកពីប្រទេសណា ក៏កម្ពុជាចាប់បញ្ជូនទៅវិញដែរ ។

សម្ដេចតេជោក៏បានប្រាប់ឲ្យក្រសួងការបរទេស ពិនិត្យមើលអ្នកដែលសម្ភាសន៍មិនជាប់ ត្រូវប្រគល់ទៅឲ្យវៀតណាមវិញ ។

សូមរំលឹកថា យោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មានវៀតណាម Vietnam News បានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រហារដោយអាវុធ លើទីស្នាក់ការប៉ូលិស នៅ Central Highlands ជិតតំបន់ព្រំដែនកម្ពុជាបានបណ្តាលឲ្យមន្ត្រីប៉ូលីស មេឃុំ៩នាក់ស្លាប់ អាជ្ញាធរវៀតណាម បានធ្វើការឃាត់ខ្លួនមនុស្ស ២៦នាក់ និងរឹបអូសអាវុធជាច្រើន ។ ការវាយប្រហារនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ មិថុនា ដោយខ្មាន់កាំភ្លើង បានចូលទៅក្នុងអគារនៅស្រុក Cu Kuin នៃខេត្ត Central Highlands នៃខេត្ត Đắk Lắk ហើយបានចាប់ផ្តើមការបាញ់ប្រហារតែម្តង ។

ពាក់ព័ន្ធករណីនេះដែរមេក្លោងម្នាក់ ដែលរៀបចំការវាយប្រហារ សម្លាប់មនុស្សលើការិយាល័យគណៈកម្មាធិការ ប្រជាជនឃុំចំនួនពីរ ក្នុងខេត្តដាក់ឡាក់ ប្រទេសវៀតណាម គឺត្រូវបានចាប់ខ្លួន ។ ក្រោយចាប់ខ្លួនមេក្លោងឈ្មោះ អ៊ី ថូ យ៉ុន ( Y Tho Ayun ) អាយុ៣៥ ឆ្នាំ ដែលគេស្គាល់ថា អាម៉ា ស្រួរ បានប្រាប់អាជ្ញាធរថា គាត់បានញុះញង់អ្នកភូមិនៅ ដាក់ឡាក់ ឲ្យធ្វើការវាយប្រហារដោយកាំភ្លើង ទៅលើការិយាល័យគណៈកម្មាធិការ ប្រជាជនក្នុងឃុំ អេខ្ទ័រ និងឃុំ អេទ័រ ដែលមានទីស្នាក់ការ ប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ផងដែរ ៕

To Top