ព័ត៌មានជាតិ

កម្ពុជា ពង្រឹងកិច្ចការពារអតិថិជន សម្រាប់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) និងអង្គការ CERISE+SPTF ដោយមានការគាំទ្រពី ធនាគារជាតិ នៃកម្ពុជា (NBC) និងLuxembourg Aid & Development បានបើកដំណើរការ កម្មវិធីបណ្តុះបណ្តាល ដល់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល ស្តីពីសារៈសំខាន់ និងតួនាទីអភិបាលកិច្ច ក្នុងការធានា នូវការអនុវត្តកិច្ចការពារអតិថិជន ប្រកបដោយប្រសិទ្ធភាព នៅគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ (BFI)។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន រួម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងមិនធ្លាប់មាន ដែលតម្រូវអោយថ្នាក់ដឹកនាំ ជាន់ខ្ពស់បំផុតរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលររួម ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវកិច្ចការពារអតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អគ្គនាយក និងយ៉ាងហោចណាស់ភាគទុនិក ឬក្រុមប្រឹក្សាភិបាលម្នាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្នុងការធានាថា ការអនុវត្តកិច្ចការពារអតិថិជន ត្រូវបានដាក់បញ្ចូល និងធានាបាននូវនិរន្តរភាពនៅតាមគ្រឹះស្ថានរបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះក៏បានរំលេចឡើងផងដែរ អំពីទិដ្ឋភាពជាក់លាក់នៃស្តង់ដារកិច្ចការពារអតិថិជនសកលទាក់ទងនឹងអភិបាលកិច្ច និងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលផ្តួចផ្តើមឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា។

ថ្លែងក្នុងពិធីបើកដំណើរការ វគ្គបណ្តុះបណ្តាល នៅឯមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) លោក Nitin MADAN នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវប្រចាំតំបន់អាស៊ីអាគ្នេយ៍ (RIFF-SEA) នៃអង្គការ Social Performance Task Force (SPTF) បានមានប្រសាសន៍ថា «នៅអង្គការ CERISE+SPTF យើងជឿជាក់ថា អភិបាលកិច្ចសាជីវកម្ម គឺជាចំណុចស្នូលក្នុងការធានាថា កិច្ចការពារអតិថិជនពិតជាមានសារៈសំខាន់ ហើយគុណតម្លៃរបស់ភាគទុនិក ត្រូវបានការពារ។ បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន មិនមែនជាសកម្មភាពដាំដើម ឈើចំនួន ១ ០០០ ដើមនោះទេ តែយើងកំពុងនិយាយអំពីរបៀប ដែលប្រតិបត្តិការអាជីវកម្មផ្តោតលើអតិថិជន»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជឿជាក់ថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនេះ នឹងជួយឱ្យសម្រេចបាននូវការរំពឹងទុករបស់យើងឆ្ពោះទៅរកតួនាទីអភិបាលកិច្ចសំខាន់ៗ ដែលផ្តល់លទ្ធភាពដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារការពារអតិថិជន (Client Protection Pathway) និងការអនុវត្តនានាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ»។

លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីសញ្ញាវិជ្ជមានដល់វិស័យធនាគារ វិនិយោគិន ភាគីពាក់ព័ន្ធ និងសាធារណៈជន អំពីការប្តេជ្ញាចិត្តរបស់សមាជិក នៃសមាគមធនាគារនៅកម្ពុជា ក្នុងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការអនុវត្តក្រមប្រតិបត្តិ ដែលមាននៅក្នុងគោលនយោបាយ និងនីតិវិធីរបស់សមាជិកទាំងអស់នោះ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានមានប្រសាន៍ថា គំនិតផ្តួចផ្តើមនេះ បានលើកទឹកចិត្តដល់អគ្គនាយ និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ឱ្យយល់កាន់តែច្បាស់ និងទទួលស្គាល់តួនាទី របស់ខ្លួនក្នុងការធានា ដល់កិច្ចការពារ អ្នកប្រើប្រាស់ និងការត្រួតពិនិត្យការអនុវត្តទីផ្សារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ហើយក៏បានចាត់ទុក បញ្ហាសំខាន់ៗទាំងនេះថា វាចាំបាច់ត្រូវដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយ របស់គ្រឹះស្ថាននីមួយៗ។

សូមបញ្ជាក់ថា ពិធីបើកកម្មវិធីបណ្តុះបណ្តាលស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធានា នូវការអនុវត្តកិច្ចការពារអតិថិជន ប្រកបដោយប្រសិទ្ធភាព មានការចូលរួមពីអគ្គនាយក ភាគទុនិក ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងនិយតករជាង ១០០នាក់ ។ វគ្គបណ្តុះបណ្តាលចំនួន៨ នឹង ត្រូវធ្វើឡើងនៅឆ្នាំ២០២៣នេះ ហើយនឹងមានវគ្គបណ្តុះបណ្តាល បន្ថែមទៀតនៅឆ្នាំ២០២៤ ៕

To Top