ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានថ្លែងប្រកាសឱ្យអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយត្រូវគិតទៅតាមចំនួនកូនក្នុងផ្ទៃ។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ កំពុងដំណើរការអាជីវកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្មវិធីឧបត្ថម្ភស្ដ្រីមានផ្ទៃពោះ ដែលមានកូនភ្លោះនេះ ត្រូវអនុវត្តន៍ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំ សម្រេចថា ឱ្យអនុវត្តចាប់ពីខែសីហា តទៅ អ្នកមានកូនភ្លោះត្រូវតែទទួលបាន សម្រាប់កូនម្នាក់។ ឧទាហរណ៍ យើងគិតថា ពីពេលមានផ្ទៃពោះ ដល់ថ្ងៃឆ្លងទន្លេ ពិនិត្យផ្ទៃពោះចំនួន៤ គឺគិតស្មើគ្នា។ ប៉ុន្ដែនៅពេលកើត ត្រូវទទួលបានការឧបត្ថម្ភឱ្យបានខ្ពស់ជាងមួយ (កូនមួយ) ដល់ចញ្ចឹងដល់គ្រប់អាយុពីរឆ្នាំ គឺត្រូវតែទទួលបាន លើសពីអ្នកកូនមួយ។ ខ្ញុំ សម្រេចថា ស្ដ្រីមានផ្ទៃពោះ ហើយដែលមានកូនភ្លោះ ត្រូវទទួលបានការឧបត្ថម្ភ តាមចំនួនកូន»។
សម្ដេច ណែនាំឱ្យចងចាំថា ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ដ្រី សម្រេចឱ្យអនុវត្តន៍នូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់សម្រាប់ស្ដ្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុពីរឆ្នាំ ហើយទទួលបានរបបសម្រាប់អ្នកមានកូនភ្លោះ គឺទទួលបានតាមចំនួនកូន។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា នៅពេល សម្ដេច ចុះជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នាពេលកន្លងមកនេះ មិនមែនជិះសេះមើលផ្កានោះទេ គឺជាការជួបជុំដើម្បីស្វែងរក ដំណោះស្រាយជូនកម្មករ-កម្មការិនី ជាក់ស្តែងដូចជា៖ ស្រ្តីមានផ្ទៃពោះ និងជនពិការភាព ត្រូវបានរាជរដ្ឋាភិបាល សម្របសម្រួលឲ្យចេញមុនម៉ោង ដើម្បីកុំឱ្យប្រជ្រៀតជាមួយអ្នកដទៃ។
សូមរំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់កម្មការនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៤លើកនឹងទទួលបានថវិកាក្នុង ១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។ ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង ១លើក ៤ម៉ឺនរៀល៕