ព័ត៌មានជាតិ

សម្ដេចតេជោស្នើបារាំង ឱ្យបន្ដជួយលើការ​ផ្គត់ផ្គង់​ទឹកស្អាត​ ​កុំបារម្ភកម្ពុជាគ្មានលទ្ធភាពសងត្រឡប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តបារាំង និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) បន្ដជួយកម្ពុជា តាមរយៈសាងសង់រោងចក្រ ផលិតទឹកស្អាត ហើយកុំបារម្ភថាកម្ពុជា គ្មានលទ្ធភាពសងត្រឡប់ ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសង។

នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសង់លុយវិញនោះ តាមរយៈពីការចំណេញលក់ទឹកស្អាត ទៅឱ្យប្រជាពលរដ្ឋ។

សម្ដេចតេជោ គូសបញ្ជាក់ថា «សូមឱ្យទាំងបារាំង ទាំង AFD កុំបារម្ភសូមជួយយើងខ្ញុំ បន្ដទៀត រដ្ឋាករទឹកទីក្រុងភ្នំពេញនេះ មានលទ្ធភាពសងលុយត្រឡប់ទៅវិញ កុំបារម្ភថា យើងខ្វះលុយ ដើម្បីនឹងសង់ ព្រោះអានេះបូមទៅលក់ហើយ បានលុយចំណេញអភិវឌ្ឍបន្ដទៀត ក៏ប៉ុន្ដែទុកលុយនឹងសងត្រឡប់ទៅវិញ បើខ្ជីហើយមិនសង គឺយើងមិនគោរពកាព្វកិច្ចនោះទេ»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលជប៉ុន បារាំង និងសហភាពអឺរ៉ុប បានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហា ការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ សម្ដេច លើកឡើងថា អតុល្យភាពរវាងតម្រូវ និងការផ្គត់ផ្គង់ទឹកនៅតែមាន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បន្តសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាបន្តបន្ទាប់ទៀត៕

To Top