ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសថា ក្រុងអរិយក្សត្រ ស្ថិតនៅខេត្តកណ្តាល ជាប់រាជធានីភ្នំពេញ នឹងមិនកាត់ចូលភ្នំពេញឡើយ ដោយទុកឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាលដដែល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃទី១៩ មិថុនា សម្ដេចតេជោ បានរំលឹកកាលពេលមុនថា គ្រោងនឹងកាត់យកក្រុងអរិយក្សត្រ ចូលរាជធានីភ្នំពេញ ប៉ុន្ដែឥឡូវនេះមិនចាំបាច់កាត់ចូលឡើយ គឺទុកនៅក្នុងខេត្តកណ្ដាលដែលមានពន្ធលើអចលនទ្រព្យ។

សម្ដេចតេជោ បញ្ជាក់ថា «កន្លែងនេះ (រោងចក្រទឹកស្អាត)ពីដើមដីខេត្តកណ្ដាលទេ ដីខេត្តកណ្ដាលនៅឯគល់ស្ពានជ្រោយចង្វារណោះ ខ្ញុំកាត់មិនដឹងប៉ុន្មានដងហើយ អានេះកាត់ចុងក្រោយគេនៅតំបន់នេះ កាត់ចុងក្រោយគេ ដើម្បីដាក់ទៅក្នុងតំបន់រដ្ឋបាលក្រុងភ្នំពេញ។ ប៉ុន្តែឥឡូវសូមបញ្ជាក់ក្រុងអរិយក្សត្រ អត់មានឲ្យភ្នំពេញទេ បង្កើតក្រុងមួយឲ្យខាងខេត្តកណ្ដាលគេមានគេហៅថា ពន្ធលើអចលនទ្រព្យ នៅខាងខេត្តកណ្ដាលផង»។

សម្ដេចនាយករដ្ឋមន្ដ្រី បានរំលឹកបន្ថែមថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតក្រុងចំនួននៅក្នុងខេត្តកណ្ដាល រួមមាន ៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងថ្មីមួយ គឺក្រុងសំពៅពូន នៃខេត្តកណ្ដាល ដោយកាត់យក ៥ឃុំ ពីស្រុកកោះធំ រួមមាន ៖ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

ដោយឡែក ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន ៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម រួមមាន ៖ សង្កាត់បាក់ដាវ, សង្កាត់កោះឧកញ៉ាតី, សង្កាត់ព្រែកអំពិល, សង្កាត់ព្រែកលួង, សង្កាត់ព្រែកតាកូវ, សង្កាត់ស្វាយជ្រុំ, សង្កាត់អរិយក្សត្រ, សង្កាត់សារិកាកែវ, សង្កាត់ពាមឧកញ៉ាអុង, សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង៕

To Top