ព័ត៌មានជាតិ

សម្ដេចតេជោ៖ ខ្ញុំទទួលស្គាល់ខ្លួនឯង ជាមនុស្សឆេវឆាវ ប៉ុន្តែការសម្រេចចិត្ត​ ខាងនយោបាយ ជាមនុស្សចិត្តធ្ងន់បំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ខ្លួនឯងថា ជាមនុស្សម្នាក់មានចិត្តឆេវឆាវ ប៉ុន្តែការសម្រេចខាងផ្នែកនយោបាយវិញ គឺសម្ដេចជាមនុស្សដែលមានចិត្តធ្ងន់បំផុត ។

ការថ្លែងអំពីការទទួលស្គាល់ខ្លួនឯងជាមនុស្សចិត្តឆេវឆាវរបស់សម្តេចនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាថ្ងៃទី២០ មិថុនា ។

នាឱកាសនោះសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានរៀបរាប់ពីដំណើរការ កាលពី៤៦ឆ្នាំមុនដែលបានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្នុងនោះសម្តេចក៏បានរៀបរាប់ពីភរិយារបស់សម្តេចដែលមានផ្ទៃពោះឆ្លងទន្លេកូនទី១ ហើយបានស្នើសុំទៅថ្នាក់លើដើម្បីមានពេលវេលាទៅមើលថែប្រពន្ធកូននាពេលនោះ តែថ្នាក់លើមិនអនុញ្ញាត ។ ដោយសារតែការមិនអនុញ្ញាតនេះហើយទើបសម្តេចបានទម្លាយកាលពេលនោះដែលសម្តេចក៏មានកាំភ្លើងជាប់ក្នុងខ្លួនដែរ តែបើសិនជាសម្តេចមានចិត្តឆេវឆាវមែនយកកាំភ្លើងបាញ់ហើយ តែនេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវទើបសម្តេចចិត្តធ្ងន់ស៊ូទ្រាំបន្តទៀតដើម្បីជាតិ ។

ដោយសារចំណុចដូចខាងលើនេះ សម្តេចបានសង្កត់ធ្ងន់ថា «ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ…ខ្ញុំជាមនុស្សឆេវឆាវ ក៏ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុតហើយសូមអ្នកទាំងអស់គ្នាមើលទៅ តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយ ពាក់ព័ន្ធជាមួយនឹងដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវទេ គឺអត់ទេ» ។

សម្ដេចបញ្ជាក់បន្ថែមថា សម្ដេចទទួលស្គាល់ថា សម្ដេចជាមនុស្សឆេវឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ ដែលទាក់ទងរឿងជីវិតជាតិគឺអត់ទេ ហើយអ្នកដទៃក៏មិនអាចចិត្តធ្ងន់ដូចសម្ដេចទេ ៕

To Top