ភ្នំពេញ ៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានឯកភាពគាំទ្រ ទាំងស្រុង ដោយឥតកែប្រែទៅលើ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ហើយលោកក៏បានចាត់ទុក ជាការប្រញាប់ផងដែរ ដើម្បីកំណត់ពេល ក្នុងសម័យប្រជុំសភា នាពេលខាងមុខឆាប់ៗនេះ ។
ការគាំទ្ររបស់លោកនេះ នាឱកាសដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នាព្រឹកថ្ងៃ២០ មិថុនា ។
សម្តេច ស ខេង បានរៀបរាប់អំពីការកែប្រែច្បាប់ បោះឆ្នោតនេះ ដោយយោងតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់ជាតិប្រកាន់យករបបនយោបាយ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើស តាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
ដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចាក់ឫសនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត” ។
ក្នុងន័យនេះ ពលរដ្ឋ ដែលមានបំណងឈរឈ្មោះ ឲ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើម ចេញពីការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោក របស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បង របស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ។ ដូច្នេះក្នុងករណីពុំ បានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយចេញទៅបោះឆ្នោតសម្រាប់ការបោះឆ្នោត រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ។ ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណា ដែលបានធ្វើសកម្មភាពប៉ះពាល់ ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការ នៃការបោះឆ្នោត ដែលរៀបចំ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត” ឬការហាមឃាត់មិន ឲ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។
សម្តេចគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់ ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឲ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ “ការទៅបោះឆ្នោត” ឬ ”ការមិន ទៅបោះឆ្នោត នៅតែជាសិទ្ធិ របស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ច ដែលមានចរិតជាការចាប់បង្ខំ ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យ សេរីមួយចំនួនក្នុងពិភពលោកនោះទេ ។
បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់សម្តេច ស ខេង និងសហការីរួចមក ជួសមុខឲ្យគណៈកម្មការរដ្ឋសភាលោក ប៉ែន បញ្ញា បានសម្តែង នូវការគាំទ្រ ទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែ ។ គណៈកម្មការទី៦ នឹងធ្វើសំណើ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតនេះ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់ ៕