ព័ត៌មានជាតិ

ការពង្រឹងសមត្ថភាព​ ផ្ដល់សេវាស្តារនីតិសម្បទា ជាការត្រៀមខ្លួន សម្រាប់ជួយជនរងគ្រោះ ជាសមាជិក ប.ស.ស. ទាន់ពេលវេលា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាស្តារនីតិសម្បទា លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. ថ្លែងឡើងថា៖ ការផ្តល់សេវាស្តារនីតិសម្បទា ឱ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែង របស់ជនរងគ្រោះ ឬជនពិការ ជាសមាជិក ប.ស.ស. ទាមទារឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងផ្នែកចំណេះដឹង ផ្នែកស្មារតី និងផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ ដើម្បីសម្របខ្លួនឱ្យស្រប ទៅនឹងស្ថានភាពរបស់ជនរងគ្រោះ ដើម្បីងាយស្រួលគ្រប់គ្រង និងសម្របសម្រួលផ្តល់សេវាស្តារនីតិសម្បទា បានឆាប់រហ័ស ទាន់ពេលវេលាចំគោលដៅ ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

លោកអគ្គនាយករង ប.ស.ស. បានបន្ថែមថា៖ ដើម្បីចូលរួមលើកកម្ពស់សេវាស្ដារនីតិសម្បទា ប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ប.ស.ស. ក៏បានបង្កើតនូវកម្មវិធី សមាហរណកម្មសង្គម ដែលរៀបចំឡើង ដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារ រហូតដល់បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាព ឱ្យមានអារម្មណ៍រីករាយ ស្រស់ស្រាយ លើកទឹកចិត្តកុំឱ្យមានអារម្មណ៍អៀនខ្មាស់ ចំពោះពិការភាពរបស់ខ្លួន ជាពិសេសអាចពង្រឹង ការផ្ដល់សេវាស្ដារនីតិសម្បទា ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយបាននូវកម្រិតពិការភាព ឬទប់ស្កាត់មិនឱ្យមានពិការភាព លើកកម្ពស់គុណភាពជីវិត និងរួមចំណែកកាត់បន្ថយភាពក្រីក្រ សម្រាប់បងប្អូនកម្មករនិយោជិត ដែលទទួលរងហានិភ័យការងារ គ្រោះថ្នាក់ ឬជំងឺផ្សេងៗ។

លោកអគ្គនាយករង ប.ស.ស. ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក នៃនាយកដ្ឋានស្តារនីតិសម្បទា ដែលសម្រេចបានលទ្ធផលការងារ យ៉ាងល្អប្រសើរកន្លងមក ជាពិសេសការផ្តល់សេវាស្តារនីតិសម្បទា ជូនជនរងគ្រោះ ឬជនពិការដែលជា សមាជិក ប.ស.ស. បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានស្ដារនីតិសម្បទាបានឱ្យដឹងថា៖ គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. ដែលទទួលបានការស្ដារនិតីសម្បទា មានចំនួន ៤៤២នាក់ គិតជាករណីមានចំនួន ៦៨៩ករណី ដែលក្នុងនោះ ប.ស.ស. ផ្តល់សេវាស្តារនីតិសម្បទា តាមរយៈការជួសជុល ឬការផ្តល់អវយវៈសិប្បនិម្មិតថ្មី រណប ឬឧបករណ៍ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា ផ្នែកវេជ្ជសាស្រ្តផ្សេងៗចំនួន ៥៧៧ករណី ផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៣ករណី និងសម្រសម្រួល ឱ្យមានការងារធ្វើចំនួន ១ករណី ផ្តល់សេវាផ្នែកសង្គម តាមរយៈការអប់រំ ផ្នែកចិត្តសាស្រ្ត មានចំនួន ៦៨ករណី៕

To Top