ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានជិត ២០០លានដុល្លារ សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹកស្អាត ។
លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដែលត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជា និងជប៉ុន រួមមាន៖ ទី១.ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ» ។ គម្រោងនេះមានគោលបំណង កែលម្អស្ថានភាពផ្លូវចំនួន ៣៨ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧ គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន ៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះក៏ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើន សកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតំបន់ទាំងនោះ។
ទី២.ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារ) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣» ។ គម្រោងនេះនឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹកនិងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព ទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប។
នាឱកាសនោះតាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណជប៉ុន ចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា ដែលកាយវិការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះសរ ជូនចំពោះឯកអគ្គរាជទូត UENO Atsushi និងសហការី នៅស្ថានទូតជប៉ុន ព្រមទាំងមន្រ្ដីនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ។
យោងតាមប្រកាសក្រសួងការបរទេសថា ការផ្ដល់ជំនួយខាងលើដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែល នាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត ៕