ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់ យកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខានស្អែកនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ ៥ទៀត ។
ការកំណត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃ២១ មិថុនា ។
សេចក្តីព្រាងច្បាប់៥ទៀតនោះ រួមមាន ៖ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលក្រកម្ពុជា ឲ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។
សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍន៍ ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោង អភិវឌ្ឍន៍ស្ថានីយ ផលិតអគ្គិសនីដើរដោយ ថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង៕