ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម

កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តបឹងកុក បានអញ្ជើញសម្ពោធសមិទ្ធផលនានា សរុប ៣៨ គម្រោង ដោយចំណាយថវិកាអស់ជាង ៦ លានដុល្លារអាមេរិក ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំនួន ៣៨ គម្រោង ដោយ ចំណាយថវិកា ប្រមាណ ២៧.៧៣៣.២០០.០០០រៀល ស្មើនឹង ៦.១០៦.៩៦២ ដុល្លា ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលនៅក្នុងសង្កាត់បឹងកុក មាន១៦ គម្រោង ប្រើប្រាស់ថវិកាអស់ ១៥.១៧៩.៦០០.០០០រៀល ប្រមាណ ៣.៧៤៨.០៤៩ដុល្លា ការសាងសង់មានដូចជា លូ-ផ្លូវAC -ផ្លូវបេតុង ២១ខ្សែ -ផ្លូវក្រាលថ្មភ្នំ – អគារសាលាសង្កាត់បឹងកុក និងទ្វារទឹក។

ដោយឡែក សមិទ្ធផលនៅសង្កាត់កំពង់ចាម មាន២២ គម្រោង ចំណាយថវិកាអស់ចំនួន១២.៥៥៣.៦០០.០០០ រៀល ប្រមាណ ៣.០៩៩.៦៥៤ដុល្លា ក្នុងនោះបានសាងសង់-ផ្លូវក្រាលកៅស៊ូ AC ចំនួន ៣ខ្សែ-ច្រាំងទន្លេ ១ខ្សែ -សង់អគារសាលាសង្កាត់-ជួសជុលដំបូលផ្សារធំ និងផ្សារបឹងកុក-ជួសជុលសួនច្បារតាមដងទន្លេមេគង្គ រូបសំណាកដំរី អាងទឹក ៩កន្លែង-ជួសជុលអគារអុកស៊ីសែន នៅមន្ទីរពេទ្យខេត្តកំពង់ចាម ១កន្លែងផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ជាការពិត សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិយើង ប្រសិនបើគ្មានការឯកភាពជាតិ និងគ្មានសុខសន្តិភាពនោះទេ ការអភិវឌ្ឍន៍ផ្សេងៗក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ ដូច្នេះដោយសារប្រទេស យើងមានសុខសន្តិភាពនេះហើយ ទើបយើងអាចជំរុញការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាជនយើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់ ។ ឈរលើស្មារតីនេះ យើងទាំងអស់គ្នាត្រូវគោរពស្រឡាញ់ និងដឹងគុណ នយោបាយឈ្នះឈ្នះ ដែលបាននាំមក សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top