ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត លើកឡើងថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋ ជាម្ចាស់ប្រទេស មានសិទ្ធិជ្រើសរើស អ្នកដឹកនាំ របស់ខ្លួន តាមរយៈការបោះឆ្នោត ។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និង គ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្ស នយោបាយទាំង ១៧ ក៏មានឱកាសពេញលេញ ក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និង ភាពម្ចាស់ការ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

លោក ម៉ាណែត រំលេចថា ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្ស ដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រ ពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ក៏នឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យបានគង់វង្ស ព្រមជាមួយនឹងការបន្តការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើន ប្រកបដោយភាពសុខដុមរមនា ដូចអារ្យប្រទេសនានា នៅក្នុងតំបន់ ជាពិសេសគ្មានការកើតឡើងវិញ ជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចដែលធ្លាប់កើតមានទ្បើង ក្នុងពេលអតីតកាល។

លោក បន្តថា ក្នុងនាមជាសកម្មជន យុវជនគណបក្ស ដែលជាជំនួយការ របស់គណបក្សក្នុងការបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ របស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញ ភារកិច្ចមួយ ចំនួន ជាអាទិ៍៖ ទី១. ជំរុញ និងផ្សព្វផ្សាយដល់ប្រជាជន ឱ្យចេញទៅបោះឆ្នោត ឱ្យបានច្រើនបំផុត ដើម្បីអនុវត្តសិទ្ធិជ្រើសរើសអ្នកដឹកនាំ និងការពារលិទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា និងទី២. ខិតខំពន្យល់ និងណែនាំប្រជាជនឱ្យយល់ច្បាស់ អំពីវិធីសាស្ត្រក្នុងការគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសន្លឹកឆ្នោត បានការក្នុងការគាំទ្រគណបក្ស ដែលខ្លួនពេញចិត្ត ស្របតាមការសម្រេចចិត្ត របស់ខ្លួនក្នុងបន្ទប់សម្ងាត់ ៕


















