ព័ត៌មានជាតិ

ប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​គឺជាការកែទម្រង់ មួយដ៏សំខាន់

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល, សេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងពិធីដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយរយៈពេលវែងចំនួន២ រួមមាន៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាបាល, សេដ្ឋកិច្ច និងសង្គមឌីជីថល វៃឆ្លាត និងរស់វើក។

លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយ ដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល, សេដ្ឋកិច្ច និងសង្គមឌីជីថល។ ប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន – ដំណាក់កាលទី ១ បានអនុញ្ញាតឱ្យគ្រប់ ក្រុមហ៊ុន-សហគ្រាស អាចចុះបញ្ជីជាកញ្ចប់ជាមួយនឹងក្រសួង-ស្ថាប័ន ចំនួន ៣ រួមមាន ៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាចចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ (Qualified Investment Project – QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងមហាផ្ទៃបានផ្ដល់កិច្ចសហការ ក្នុងការផ្តល់ទិន្នន័យអត្តសញ្ញាណកម្ម សម្រាប់ការបង្កើតគណនីរួម (Single Sign-On) ចូលប្រើប្រាស់ផតថលផងដែរ។ ដំណាក់កាលទី ២ បានអនុញ្ញាតឱ្យក្រុមហ៊ុន-សហគ្រាស អាចស្នើសុំអាជ្ញាបណ្ណ, វិញ្ញាបនបត្រ និង លិខិត អនុញ្ញាតជំនាញផ្សេងៗ នៅក្រសួង-ស្ថាប័ន ចំនួន ៤ បន្ថែម រួមមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, និង និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ, ទាំងការ-ប្រើប្រាស់សេវា, ទាំងការផ្តល់មតិស្ថាបនាល្អៗ, ដើម្បីបន្តអភិវឌ្ឍថ្នាល ឱ្យកាន់តែមានប្រសិទ្ធភាព និង ងាយប្រើប្រាស់។

សូមជម្រាបថា សម្រាប់ការចូលស្នើសុំសេវាណាមួយលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ធុរជនអាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដែលជាគេហទំព័រប្រមូលផ្ដុំសេវាទាំងអស់ ដែលបានចូលរួមក្នុងការងារទាំង ៣ ដំណាក់កាល ។ ដោយមានការផ្លាស់ប្ដូរទិន្នន័យ តាមរយៈថ្នាល CamDX, ធុរជនដែលបានចុះបញ្ជីអាជីវកម្មក្រោយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ (Single Portal) នឹងមិនចាំបាច់វាយបញ្ចូលព័ត៌មានដែលធ្លាប់បានវាយបញ្ចូលហើយក្នុងប្រព័ន្ធ Single Portal ទៀតទេ នៅពេលស្នើសុំសេវាផ្សេងទៀត ក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណាក់កាលទី ២, ទី ៣ និងដំណាក់កាលបន្តបន្ទាប់ទៀត។ ធុរជនគ្រាន់តែវាយបញ្ចូលលេខសម្គាល់អត្តសញ្ញាណសហគ្រាស (Single ID) នោះព័ត៌មានដែលធ្លាប់ចុះបញ្ជីពីមុន នឹងបង្ហាញលើពាក្យស្នើសុំ ដោយស្វ័យប្រវត្តិ៕

To Top