ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បាននិងកំពុងបើកសម័យប្រជុំពិភាក្សានិងអនុម័ត លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោត និងច្បាប់ចំនួន៦ទៀត ។

សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប។ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសិក្សាធ្វើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ សម្តេចតេជោបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹ ក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត នឹងមានការផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល សម្រាប់អ្នកមានគំនិតរារាំង ដល់ដំណើរការបោះឆ្នោត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្អាកជាបណ្តោះអាសន្ន ចំពោះបុគ្គលនោះរយៈពេល៥ឆ្នាំ ដោយមិនទាន់គិតទោសទណ្ឌផ្សេងទៀត និងពី១០លានរៀល ទៅ៣០លានរៀល ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តិល្មើស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្អាកបណ្តោះអាសន្នរយៈពេល៥ឆ្នាំ ក្នុងការចូលរួមបោះឆ្នោតមិនទាន់ គិតពីទោសផ្សេងទៀត ៕

