នយោបាយ

Full Story៖ រដ្ឋសភាអនុម័តទាំងស្រុង លើវិសោធនកម្មច្បាប់បោះឆ្នោត ខណៈសម្តេច ស ខេង ថាមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត

ភ្នំពេញ៖ សេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោតដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើកដៃអនុម័តជាឯកច្ឆ័ន្ទ នៃខ្លឹមសារទាំងស្រុង ខណៈសម្តេច ស ខេង តំណាងរាជរដ្ឋាភិបាលកម្ពុជាបានការពារថា ច្បាប់នេះមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរឡើយ ។

ការអនុម័តសេចក្តីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមា ជិកាចំនួន ១១១រូប។

ក្នុងសម័យប្រជុំ សម្តេច ហេង សំរិនបានលើកឡើងថា ការពិភាក្សានិងអនុម័តច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយលិខិតរបស់រាជរដ្ឋាភិបាល លិខិតរបស់រដ្ឋសភា និងលិខិតរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងយោងច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨៨ថ្មី(ពីរ)ចែងថា កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួន សមាជិករដ្ឋសភាទាំងមូលសម្រាប់ការ អនុម័តទាំងឡាយណាតម្រូវឲ្យយក មតិភាគច្រើនដាច់ខានៃចំនួនសមាជិកទាំងមូល និងយោងតាមបទបញ្ជារបស់រដ្ឋសភាផងដែរ។
ចំណែកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលបានថ្លែងការពារ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានោះថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាជាមួយគណៈកម្មាធិការជំនាញរដ្ឋសភា កាលពីពេលកន្លងមក ដោយពេលនោះគណៈកម្មការទាំងអស់ នៃរដ្ឋសភាបានឯកភាពទាំងស្រុង នៃខ្លឹមសារដែលរាជរដ្ឋាភិបាលដាក់មក។

សម្តេច ស ខេងបន្តថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានខ្លឹមសាពាក់ព័ន្ធតែលក្ខខណ្ឌ ឲ្យគេឈរឈ្មោះបោះឆ្នោតឲ្យប៉ុណ្ណោះ ដោយមិនបានធ្វើឲ្យប៉ះពាល់ឡើយ នូវសិទ្ធិបោះឆ្នោតប្រជាពលរដ្ឋខ្មែរ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

សម្តេចគូសបញ្ជាក់ថា «ដូចនេះការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមានជាកាតព្វកិច្ចដែលមានចរិក ចាប់បង្ខំឲ្យទៅបោះឆ្នោតនោះទេ។ ចំពោះអ្នកដែលមិនបានទៅបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រឆ្នាំ២០២៣នេះ ពលរដ្ឋដែលមានបំណង ឈរឈ្មោះឲ្យគេបោះឆ្នោត និងត្រូវបាត់បង់នូវសិទ្ធឈរឈ្មោះ ឲ្យគេបោះឆ្នោតសម្រាប់ការ បោះឆ្នោតចំនួន៤បន្តបន្ទាប់គ្នា»។

សម្តេច ស ខេងថា ការបោះឆ្នោតចំនួន៤ ត្រូវអាចឈរឈ្មោះបានមាន ៖ ១.ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ , ២.ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ , ៣.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ និង៤.ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអាណត្តិទី៨នៅឆ្នាំ២០២៨។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា វិសោធនកម្មច្បាប់បោះឆ្នោត ក៏បានចែងពីទោសផងដែរពោលគឺ អ្នកដែលរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ត្រូវពិន័យជាប្រាក់ពី ៥លានទៅ២០លានរៀល និងដកហូរសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេលយ៉ាងតិច៥ឆ្នាំ។ ចំពោះគណបក្សនយោបាយវិញ ក៏ត្រូវរងការផាកពិន័យជាប្រាក់ពី១០លានរៀលទៅ៣០លានរៀល និងអាចដកហូតសិទ្ធិជាបណ្តឡអាសន្ន នៃសិទ្ធិចូលរួមបោះឆ្នោតរយៈពេល៥ឆ្នាំបន្ថែម ពីទោសផ្សេងទៀតដែលមានក្នុងច្បាប់ជាធរមាន។

សម្តេច ស ខេង ក៏បានលើកឡើងឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានគោលបំណងការពារដំណើរការបោះឆ្នោតពីផែនការ ឬឧបាយកលនយោបាយនានា នៃការប៉ុងប៉ង បំផ្លាញការបោះឆ្នោត ។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏រួមចំណែកលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូល របស់ជាតិក៏ដូចជាការលើកកម្ពស់ការ ទទួលខុសត្រូវរបស់អ្នកនយោបាយ ដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងការគោរពករណីយកិច្ចរបស់ខ្លួន ក្នុងសង្គមប្រជាធិបតេយ្យ ៕

To Top