ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។
លោកបណ្ឌិត លើកឡើងថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិ មានប្រាសាទអង្គរវត្តជាតំណាង ។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្ត ដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នា លើគោលដៅឆ្ពោះទៅអនាគត ។ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗ ត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាត នូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹង សមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការ អភិវឌ្ឍសមត្ថភាព របស់យុវជន ពីព្រោះយុវជន គឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការ របស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។
លោក បន្តថា គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន ៤ សំខាន់ៗរួមមាន៖ ទី១. សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ, ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើ បុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិត របស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩; ទី២. ការចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាស ក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តន៍ក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន; ទី៣. គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្ស ដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន; និងទី៤. គណបក្សប្រជាជនកម្ពុជា បានរក្សាភាពស្មោះត្រង់ ក្នុង ការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្ស តែងរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង យ៉ាងរឹងមាំចាប់ពីកម្រិតកំពូល ដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ។
លោក ម៉ាណែត បន្ថែមថា ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស, យើងទាំងអស់គ្នាមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជន គ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយក ចិត្តទុកដាក់សិក្សាស្វែង យល់អំពីប្រវត្តិ, ស្នាដៃ, សមិទ្ធផល, លក្ខន្តិកៈ, កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការថែរក្សាជំនឿជឿ ជាក់ របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិក ដ៏មានឥទ្ធិពលក្នុងការឃោសនា ផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន, សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក, កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន របស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍ ៕