ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១៩ ៤៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣២។

ជំនួបថ្ងៃស្អែកនេះ ជាលើកទី៤ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ២២ ៣៥៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង។

រោងចក្រ សហគ្រាសចំនួន២៤ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៧, ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិក ចំនួន១, ផ្តុំនិងដំឡើងកង់ចំនួន ១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្ត្រាលីជាដើម។

នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មានកម្មករនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជា ខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

To Top