ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំពន្លឿននូវការរៀបចំ សេចក្ដីព្រាងច្បាប់ ស្ដីពីតុលាការពាណិជ្ជកម្ម ឲ្យចេញជារូបរាងនៅអាណត្តិទី៧ ខាងមុខនេះ ដើម្បីពង្រឹងការជឿជាក់របស់អ្នកធុរកិច្ចនៅកម្ពុជា។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» នាថ្ងៃ២៦ មិថុនាសម្ដេចតេជោបានលើកឡើងថា កម្ពុជាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើន ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យមានការជឿជាក់ពីអ្នកវិនិយោគទាំងនៅក្នុងនិងក្រៅប្រទេស។
សម្ដេចគូសបញ្ជាក់ថា «ក្នុងសេចក្ដីព្រាងច្បាប់ គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះ បញ្ហាកាន់តែធំ កាន់តែច្រើន យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរកិច្ច សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា»។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានស្នើក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសិក្សានូវសេចក្ដីព្រាងច្បាប់ ស្ដីពី តុលាការពាណិជ្ជកម្ម៕