ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ នៅស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។
ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង បំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពបង្ហាញឲ្យឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់ នៃយើងដែលព្រះអង្គបានបន្តស្នាព្រះហត្ថដ៏ឧត្តុងឧត្តមពីសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៅគ្រប់ពេលវេលាចំពោះសុខទុក្ខ របស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយ និងការខិតខំយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ស្ថាប័នកំពូលជាតិ និងសប្បុរសជនគ្រប់មជ្ឃដ្ឋាន ក្នុងការជួយសង្គ្រោះប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រ ដែលងាយទទួលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ខ្យល់ព្យុះ, គ្រោះរាំងស្ងូត និងដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា៕




