ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាល និងពិសារអាហារ សាមគ្គីជាមួយក្រុមការងារ បណ្តាញផ្សព្វផ្សាយសង្គម

ភ្នំពេញ​ ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមការងារ បណ្តាញផ្សព្វផ្សាយ សង្គម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត លើកឡើងថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋាន ក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាង ណាឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។ ជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍប្រទេស កន្លងមក, វិស័យព័ត៌មាន បានចូលរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័ស ពីលើដល់ក្រោម និងពីក្រោមឡើងលើ, ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង សម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូល សម្រាប់គោលនយោបាយ របស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អ សង្គមតាមរយៈការផ្តល់ព័ត៌មាន ពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុល សម្រាប់សង្គមជាតិទៅវិញ ។

លោក ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ នៅតែបន្តការបេ្តជ្ញាចិត្ត ក្នុងការគំាពារសិទ្ធិសេរីភាព នៃការបញ្ចេញមតិ, សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ, ក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានា បាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ដោយស្មើភាព, គ្មានការរើសអើង, គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការ នយោបាយឡើយ ។ រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺខិតខំប្រឹងប្រែង ធ្វើអ្វីគ្រប់យ៉ាង ដើម្បីផលវិជ្ជមានសម្រាប់ជាតិ និងប្រជាជន ដោយផ្តោតលើកិច្ចការសំខាន់ចំនួន ២ គឺ៖ ទី១. ការជួយគ្នាក្នុងផលវិជ្ជមាន និង ទី២. ការកាត់បន្ថយ និងសំដៅឈានទៅ លុបបំបាត់ចំណុចអវិជ្ជមាន ។

លោក បន្តថា ការចូលរួមចំណែកបង្កើនភាព វិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹង កម្លាំងចលករ ក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ, វឌ្ឍនភាពសង្គម និងការសម្រេច នូវក្តីស្រមៃសម្រាប់យុវជន ទាំងក្នុងដំណាក់ កាលបច្ចុប្បន្ន និង តទៅអនាគត។ វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មាន អំពីសង្គមជាតិ, ការបង្ហាញ អំពីតថភាពសង្គម, ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាត ផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ ។ អ្វីដែលជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបានសម្រាប់ វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យា ដែលបង្កើនវិសាលភាព នៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ ៕

To Top