ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ម៉ាណែត លើកឡើងថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក ។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញ ពីកត្តាចំនួន ៣ សំខាន់ គឺ៖ ទី១. កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ; ទី២. ការដាក់ចេញនូវគោល នយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម; និងទី៣. ស្មារតីជឿជាក់ ចំពោះកត្តាដឹកនាំ និងការចូលរួម របស់ប្រជាពលរដ្ឋ ប្រកបដោយការ ទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការ របស់ប្រទេសជាតិ លើមូលដ្ឋាន នៃគោលការណ៍ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

លោកបណ្ឌិត បន្តថា ប្រទេសកម្ពុជាយើង កំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កានៃសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេស ការរីកចម្រើន ផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត ។ ជាក់ស្តែង, ប្រទេសកម្ពុជា បានចាកចេញពី ប្រទេស ដែលមានចំណូលទាប ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥ និងកំពុងត្រៀម ខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេស មានចំណូលខ្ពស់ ។

លោក បន្តថា បន្ថែមពីនេះ អ្វីដែលជាគោលដៅសំខាន់ របស់រាជរដ្ឋាភិបាល នៅក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះ គឺជីវិត ក្រពះ និងកិត្តិយស៖ ទី១. ជីវិត គឺសំដៅដល់ការយកចិត្តទុកដាក់អំពីហានិភ័យផ្នែកសុវត្ថិភាព, សុខភាព និងបញ្ហាប្រឈមនានាដល់អាយុជីវិត ដូចជាជំងឺកូវីដ-១៩, ទី២. ក្រពះ គឺការស្វែងរកទាក់ទាញការវិនិយោគ, ការពង្រីកទីផ្សារ និងអភិវឌ្ឍសមត្ថភាពជំនាញ សំដៅបង្កើនឱកាស និងពង្រឹងគុណភាពផ្នែកការងារ ដើម្បីលើកកម្ពស់ កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង, និងទី៣. កិត្តិយស គឺសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋ ទាំងជាលក្ខណៈបុគ្គល និងការកសាង ស្នាដៃ ដើម្បីលើកកម្ពស់ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាចិត្តធានានិរន្តរភាព នៃបរិស្ថានអំណោយ ផលសំខាន់ចំនួន ៤ រួមមាន ៖ ១. សន្តិភាព ស្ថិរភាព និងសន្តិសុខ, ២. សិទ្ធិសេរីភាព, ៣. បង្កើតការងារ ទាំងបរិមាណ និងគុណភាព និង៤. ការផ្តល់ការគាំទ្រ និងនិងពង្រឹងលទ្ធភាព ក្នុងការទទួលបាននូវអត្ថប្រយោជន៍ នានាសម្រាប់កម្មករ-និយោជិត ៕
























