បរទេស ៖ មន្ត្រីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃម្សិលមិញនេះបានថ្លែងប្រាក់ក្រុមអ្នកព័ត៌មាន The VOA News ថាសហរដ្ឋអាមេរិក បានសម្រេចអនុម័តកញ្ចប់យោធាថ្មី ដែលមានតម្លៃប្រមាណជា៥០០លានដុល្លារ រួចរាល់ហើយទៅឲ្យប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយដោយ The VOA News ដដែលបានឲ្យដឹងទៀតដែរថា កញ្ចប់យោធាទាំងនោះក៏មានរួមទាំងរថយន្តយោធាប្រភេទ Stryker និង Bradley ច្រើនជាង៥៥គ្រឿងទៀតផងដែរ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មាននៅមុនពេលដែលការប្រកាសនឹង ត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃអង្គារនេះថា ក្នុងនោះអ៊ុយក្រែន ក៏នឹងអាចទទួលបានប្រព័ន្ធបាញ់ការពារមិស៊ីល Patroit ព្រមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត HIMARS ជាច្រើនគ្រឿងផ្សេងទៀត។
គួរឲ្យដឹងដែរថា ព្រឹត្តិការចលាចលនៅក្នុងប្រទេសរុស្សី កាលពីចុងសប្តាហ៍កន្លងមកដោយការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner ហាក់ដូចជានឹងមិនបានធ្វើឲ្យមានការប្រែប្រួលនៅក្នុងសង្គ្រាមប្រឆាំងគ្នារវាងរុស្សី និងអ៊ុយក្រែន ឬសូម្បីតែការប្តេជ្ញាចិត្តរបស់អាមេរិក និងសម្ព័ន្ធមិត្តនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី