ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា សព្វថ្ងៃនេះកម្ពុជា ខាតបង់ថ្លៃដឹកជញ្ជូន៨៨ដុល្លារ ដោយសារតែកក្តាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាហេតុនាំកប៉ាល់ដឹកទំនិញធំៗ មិនទាន់អាចចូលចតដល់ផែ ។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ នាថ្ងៃ២៧ មិថុនា សម្តេចតេជោមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ កំពុងធ្វើការពង្រីកបន្ថែម ដើរទន្ទឹមនឹងផ្លូវល្បឿនលឿនមួយដែលតភ្ជាប់ទីក្រុងភ្នំពេញ មកកាន់ខេត្តកំពង់ស្ពឺ និងតភ្ជាប់ទៅខេត្តព្រះសីហនុ ជាមួយការនឹងកិច្ចខិតខំបន្តដើម្បីពង្រឹងសមត្ថភាព នៃការដឹកជញ្ជូន តាមផ្លូវទឹកនៅកំពង់ផែក្រុងព្រះសីហនុ ។
ពាក់ព័ន្ធបញ្ហាកំពង់ផែក្រុងព្រះសីហនុនេះ សម្ដេចតេជោក៏បានអំពាវនាវយ៉ាងទទូច ហើយភាគីជប៉ុន ក៏បានឆ្លើយតប ដើម្បីធ្វើយ៉ាងណាឲ្យជម្រៅទឹកនៅកំពង់ផែខេត្តព្រះសីហនុ អាចឲ្យនាវាធំៗចូលចតបាន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះខាតបង់ទៅលើថ្លៃដឹកជញ្ជូន ត្រង់ថាកប៉ាល់ធំៗ ដែលមកដល់កំពង់ផែក្រុងព្រះសីហនុ គឺអាធំមែនទែនចូលអត់បាន ដោយសារជម្រៅទឹកយើងវារាក់ ។ ចឹងបានជាយើងត្រូវផ្ទេរនៅឯសាំងហ្កាពួរ នៅវៀតណាម និងនៅប្រទេសដទៃទៀត ។ ចឹងធ្វើឲ្យការដឹកជញ្ជូនរបស់យើងមួយកុងតឺន័រ ត្រូវខាតអស់ ៨៨ដុល្លារ» ។
សម្ដេចបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជាប្រើប្រាស់ឥណទានរបស់ជប៉ុន ហើយជប៉ុន ជួយស្ដារធ្វើឲ្យជម្រៅទឹកកាន់តែជ្រៅ អាចឲ្យកប៉ាល់ដឹកទំនិញធំៗ អាចចូលដល់កំពង់ផែក្រុងព្រះសីហនុ ដោយមិនចាំបាច់ទៅផ្ទេរនៅសិង្ហបុរី វៀតណាម និងនៅប្រទេសដទៃទៀត ពិតជាផ្តល់ផលចំណេញច្រើនមកកម្ពុជា ៕