ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឲ្យបាញ់កម្ទេចយន្តហោះដែលគ្មានមនុស្សបើក ឬដ្រូន ដោយត្រូវប្រើយុទ្ធសាស្ត្របាញ់តាមបែបសំណាញ់មេឃតែម្តង។ ក្នុងនោះសម្តេចថា បើអង្គភាពអ្នកណាបាញ់ត្រូវមួយគ្រឿងផ្តល់២០ម៉ឺនដុល្លារ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២៨ មិថុនាសម្តេចបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចមិញខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យបញ្ជូនកំលាំងទៅជួយកំលាំងនៅយុទ្ធភូមិភាគទី១ ហើយក៏បានបញ្ជាឲ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេសតម្លើងអាវុធគ្រប់ធន់ទាំងអស់នៅយុទ្ធភូមិភាគទី១ដើម្បីបាញ់ដ្រូនហោះចូលទឹកដីកម្ពុជា»។
សម្តេចតេជោក៏បានឲ្យដឹងថា ក្រោយមានដ្រូនហោះចូលខេត្តរតនគិរីប៉ុន្មានមកនេះ កាលពីយប់ថ្ងៃទី២៧ មិថុនា ក៏មានយន្តហោះគ្មានមនុស្សបើកឬដ្រូនចំនួន៥គ្រឿងទៀតបានបន្តហោះចូលក្នុងទឹកកម្ពុជាទៀតប៉ុន្តែខាងកងកំលាំងប្រដាប់អាវុធដែលឈរជើងនៅទីនោះមិនបានបាញ់នោះទេ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «យប់មិញម៉ោង៥ភ្លើងទៀត ក៏មានដ្រូនហោះចំនួន៥គ្រឿង ប៉ុន្តែអស់លោក សូម្បីអាវុធផ្ទុះ មួយគ្រាប់ក៏អត់ផ្ទុះដែរ! អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រឹមយកកាំភ្លើងម៉ាកដេកាសេបាញ់ ។
តើកាំងភ្លើងអាធំទៅណាអស់? ឥឡូវឡើងទៅហើយអាកាំជ្រូចសម្រាប់បាញ់យន្តហោះ ប៉ុន្តែវាមិនគ្រប់ទេ ដីយើងធំ ជួនកាលវាហោះគេច អីញ្ចឹងទេអស់លោកតម្លើងទៅ មានកាំភ្លើងយន្តម៉ាក់៣០មីលីម៉ែត្រ ម៉ាក់១២ ក៏ដាក់ ២៣ក៏ដាក់អាម៉ាក់ណាក៏ដាក់ដែរ និយាយរួមគឺបាញ់តែម្តង»។
សម្តេចតេជោបានបន្តថា ចាប់ពីល្ងាចថ្ងៃទី២៨ខែមិថុនាតទៅ បើមេបញ្ជាការដែលឈរជើងនោះទីមិនបាញ់ទេនឹងមានរឿងហើយ។
សម្តេចគូសបញ្ជាក់ថា «យប់មិញចូល៥គ្រឿងគេថតមកផ្សាយ អត់មានអ្នកបាញ់ ដោយសារអត់បាញ់នឹងទើបវាប្រហើនហោះចូល អីញ្ចឹងលោកឯងត្រូវដាក់សំ ណាញ់មេឃ ធ្វើតាមក្បួនខ្ញុំប្រាប់បាញ់ពីក្រោមដោយចំណាយ១លានឬ២លានគ្រាប់ចោលហើយគង់អីនឹងត្រូវ»។
ជាមួយគ្នានោះដែរ សម្តេចតេជោបានឲ្យដឹងថា អាវុធកម្ពុជាមានច្រើនប្រភេទ ដូច្នេះយកទៅប្រើ។ សម្តេចក៏បានព្រមានប្រទេសណាក៏ដោយដែលឲ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាពឈ្លានពានលើទឹកដីកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា គឺបើកការស៊ើបអង្កេតប ហើយនឹងប្តឹងទៅអង្គការសហប្រជាជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា បើអង្គភាពណាបាញ់ត្រូវដ្រូននោះមួយគ្រឿងសម្តេចជូន២០ម៉ឺនដុល្លារដើម្បីចង់ដឹងថា ដ្រូននឹងចេញមកពីខាងណាពិតប្រាកដ ដោយសារដ្រូននេះបានចូលមកទឹកដីកម្ពុជា ចង់មួយសប្តាហ៍ហើយ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើឲ្យប្រជាពរដ្ឋកុំមានការព្រួយបារម្ភថា មានសង្គ្រាម៕