ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត លើកឡើងថា លទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោត ដែលគណបក្ស ប្រជាជនកម្ពុជា បានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោត បានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេង របស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមាន ជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន ។ ភាពជោគជ័យនេះ គឺមិនមែនបានមក ដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ ។ សន្លឹកឆ្នោត ដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នា ត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋ ដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត ។

លោក ម៉ាណែត បន្តថា ក្នុងនាមជាគណបក្សដែលឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ក្នុងរយៈកាលនោះទេ គឺគ្មានជម្រើសដើម្បីសម្រាកនោះទេ ពីព្រោះយើងទទួលបាននូវការទុកចិត្ត និងការផ្ញើជោគវាសនាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឱ្យបក្សដឹកនាំ និងបម្រើពួកគាត់សម្រាប់រៀងរាល់ ៥ ឆ្នាំម្តង តាមគោលការណ៍ លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុង ចាក់គ្រឹះយ៉ាងរឹងមាំ ដោយក្នុងនេះ ក៏មានការរៀបចំដំណើរ ការបោះឆ្នោតយ៉ាងទៀតទាត់ចាប់តាំងពីនីតិកាលទី១ រហូតឈានដល់ការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេស ជាប់រហូតមក គឺដោយសារគណបក្ស ប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន ។ ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្ស នៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយ ប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាល នៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជន កម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង មកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញ យ៉ាងឆាប់រហ័សបំផុត ។

លោក បន្ថែមថា យើងប្រាកដជាចងចាំច្បាស់អំពីបទពិសោធន៍ជាច្រើន ដែលកម្ពុជាបានឆ្លងកាត់ រាប់ចាប់ពីដំណាក់កាលរំដោះប្រទេសពីរបប ប៉ុល ពត, ការកសាងប្រទេសពីបាតដៃទទេ, ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតឈានដល់ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដី ជាពិសេសសុខសន្តិភាព ស្ថិរភាពពេញលេញ សម្រាប់ការកសាងអភិវឌ្ឍឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ។ ទោះបីយើងធ្លាប់ បានឆ្លងកាត់ជាច្រើន ដំណាក់កាល និងទទួលបាន សន្តិភាពពេញលេញក៏ពិតមែន ក៏នៅតែមានការចិញ្ចឹមចិត្ត និងការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ក្រុមអ្នកនយោបាយ ជ្រុលនិយម ដោយប្រើប្រាស់មធ្យោបាយខុសច្បាប់ ។ ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា គឺប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងបន្តចាក់គ្រឹះយ៉ាងរឹងមាំយូរ អង្វែងនៅកម្ពុជា ព្រមជាមួយនឹងការប្តេជ្ញាចិត្ត ការពារដាច់ខាតនូវរបបរាជានិយម ស្របតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” តាមរយៈការពង្រឹង ការអនុវត្តវិធានការច្បាប់ ដើម្បីរក្សាការពារផលប្រយោជន៍ជាតិទាំងមូល និងប្រជាជន ១៧ លាននាក់ ទល់នឹងរាល់អំពើខុស ច្បាប់ទាំងឡាយណា ដែលបំពានដល់ភាពសុខសាន្តរបស់ជាតិ និងប្រជាជន ៕














