ព័ត៌មានជាតិ

សារធាតុញៀន និងគីមីផ្សំ ជាង៥តោន ត្រូវបានដុតបំផ្លាញចោល

រូបភាពពី៖​ ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែមីថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញដុតបំផ្លាញចោលនូវសារធាតុញៀន និងសារធាតុគីមីផ្សំ ជាង៥តោន នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្ដេច ស ខេង រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន អញ្ជើញដុតបំផ្លាញចោល នូវសារធាតុញៀន និងគីមីផ្សំ នាពេលនេះ ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឲ្យកាន់តែស៊ីជម្រៅតាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយនេះ ក៏ទាមទារឲ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាន នៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយថែមទៀត។

ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឲ្យផ្ដល់អំណាច និង ការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាន និងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួន៕

To Top