ព័ត៌មានជាតិ

សម្ដេចតេជោ៖ ពលរដ្ឋហាមហូប និងលក់ស្រា អំឡុងពេលបោះឆ្នោត

រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា អំឡុងពេល ថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហាមដាច់ខាតហូបស្រា និងលក់ស្រា ដើម្បីធ្វើយ៉ាងណាឲ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករមកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃ២៩ មិថុនា សម្ដេចតេជោបានអំពាវនាវ ដល់ពលរដ្ឋគ្រប់រូបដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សម្ដេចបន្ដថា ថ្ងៃបោះឆ្នោត កម្មករ-កម្មការិនី និងមន្ដ្រីរាជការ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួន ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ថ្ងៃណុងក៏ហាមផឹកស្រា (អំឡុងពេលបោះឆ្នោត) ។ បន្ដិចទៀត នឹងចេញសារាចរ ហាមផឹកគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង ថ្ងៃបោះឆ្នោត ហើយធ្វើយ៉ាងម៉េចឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដោយមានគណបក្សនយោបាយ ចូលរួមឈរបោះឆ្នោតចំនួន ១៨គណបក្ស ៕

To Top