ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឲ្យដំណើរការ នូវមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអនម៉ល៣) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ដ្រី ដោយមានការចូលរួមពី លោក ត៊្សបូយ៉ា ម៉ាសាយុ អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុន អ៊ីអន ម៉ល បានសហការគ្នា ក្នុងការសាងសង់ និងរៀបចំមណ្ឌលផ្ដល់សេវាសាធារណៈ ដែលមានទំហំទីតាំងសរុប ៩៨,៥ម៉ែត្រក្រឡា ស្ថិតនៅជាន់ទី១ ក្នុងផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ។

នាឱកាសនោះ លោក ហ៊ាង សុទ្ធយុត្តិ អគ្គនាយកដ្ឋាន បច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលសេវាសាធារណៈនេះ ជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងជាសក្ខីភាពបង្ហាញ ឲ្យឃើញនូវការដឹកនាំប្រកប ដោយភាពឆ្លាតវៃរបស់ លោកទេសរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួង ក្នុងការបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមកទិញទំនិញនៅផ្សារទំនើប និងអាចមកទទួលសេវាសាធារណៈ ទាំងថ្ងៃធ្វើការ ទាំងថ្ងៃឈប់សម្រាប់ ទាំងពេលថ្ងៃ និងពេលយប់ ។

លោកបន្ដថា ក្រៅពីការពង្រីកបន្ថែមទីតាំងផ្តល់សេវា និងជាចំណងដៃបន្ថែមដល់ពលរដ្ឋ ក្នុងការតាមដានការស្ថានភាពការទទួលសេវាសាធារណៈ ឲ្យកាន់តែមានភាពងាយស្រួល លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍ឲ្យរៀបចំកម្មវិធីថ្មីមួយ គឺកម្មវីធី MPWT Public Service Tracking។

សូមរំលឹកថា គិតចាប់តាំង ពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបង្កើតឲ្យមានមណ្ឌល ផ្ដល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា បានចំនួន ៧ទីតាំង រួមមាន៖ នៅផ្សារទំនើបអ៊ីអនម៉ល១, ផ្សារទំនើបអ៊ីអនម៉ល២, ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល, ទីស្ដីការក្រសួងសាធារណការ, ផ្សារទំនើបហេរីថេក វ៉ក, ផ្សារទំនើបហ្វូរី ថែមសឃ្វែរម៉ល ក្រុងព្រះសីហនុ និងនៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ ៕



