ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានលើកឡើងបែបហួសចិត្តទៅក្រុមប្រឆាំងថា គណបក្សប្រជាជនកម្ពុជា មិនដល់ថ្នាក់ទៅបំបែកកំលាំងខ្លួនឯង ឲ្យទៅបក្សផ្សេងនោះទេ ។ ការនិយាយបែបនេះ របស់លោក សួស យ៉ារ៉ា គឺចង់សំដៅ ទៅកាន់មនុស្ស មួយចំនួនឲ្យតែជិតដល់រដូវកាលបោះឆ្នោត តែងតែចោទប្រកាន់មកលើ គណបក្សប្រជាជនថា បានយកថវិកាទៅជួលគណបក្សផ្សេងទៀត មកចូលរួមប្រកួតប្រជែងបោះឆ្នោត ដើម្បីបង្ហាញអន្តរជាតិមើលមកថា ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងការបើកចំហរ សម្រាប់គណបក្សដទៃ ។
តាមរយៈកិច្ចសំភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃ២៤ មិថុនា អំពីគោលនយោ បាយបក្សដាក់ចេញ សម្រាប់ទាញយកសំឡេងឆ្នោត ពីពលរដ្ឋជាម្ចាស់ ហើយអ្នកព័ត៌មានយើងបានឆ្លៀតសួរសំណួរអំពីការសូកប៉ាន់នានា ទៅបក្ស១៧ផ្សេងទៀតនោះ លោក សួស យ៉ារ៉ាតបថា “ចំពោះការយក ថវិកាមួយ ទៅប្រើក្នុងគណបក្សមួយទៀត ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា មិនគិតគូរដល់ថ្នាក់បំបែកកំលាំងខ្លួនឲ្យទៅគេនោះទេ ។ ដូច្នេះអ្វីដែលគេចោទប្រកាន់ អ្វីដែលជាព័ត៌មានហ្វេគញូវ (Fake news) ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយហ្នឹង នៅក្នុងសង្គម Socialmedia មិនអាចរារាំងដល់លទ្ធិប្រជាធិបតេយ្យ បានទេ” ។
លោកថា ចំពោះព័ត៌មានពិតទាំងនេះ មិនអាចយកមកធ្វើការរំខាន់ ទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលកាន់តែ ខិតជិតដល់ការបោះឆ្នោតបានទេ ។
ពាក់ព័ន្ធទៅនឹងបក្ស១៧ផ្សេងទៀត លោកគូសបញ្ជាក់យ៉ាងច្បាស់ថា ពួកគេក៏មានសិទ្ធិសេរីភាពដូចគ្នា ពេញទី ក្នុងការបញ្ចេញទស្សន និងគោលនយោបាយ សម្រាប់ទទួលបានការគាំទ្រពីពលរដ្ឋ ៕