ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការចូលរួមឃោសនា រកសំឡេងឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាថ្ងៃទី១ កក្កដា ស្អែកនេះ ។
ក្នុងចំណោមគណបក្សនយោបាយទាំង១៨ មានគណបក្សនយោបាយ៤បានរៀបចំក្បួន ។ បក្សទាំង៤នោះរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សធម្មាធិបតេយ្យ។ បក្សទាំងនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានជួបសំភាសន៍ដោយផ្ទាល់។
ជាដំបូងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចប្រមាណជា៤០ឆ្នាំនេះ តាមរយៈលោក សួស យ៉ារ៉ា អ្នកនាំពាក្យបានអះអាងថា សមាជិកគណបក្សនឹងចេញឃោសនានៅទូទាំងប្រទេស ហើយនឹងគោរពទៅ តាមការកំណត់របស់គ.ជ.ប។
លោកថា នឹងធ្វើការឃោសនានៅតាមមណ្ឌលៗនីមួយៗ ដើម្បីទទួលខុសត្រូវទៅតាមច្បាប់កំណត់នៅទីតាំងខ្លួនទទួលខុសត្រូវ ។
លោកបន្តថា “កន្លែងណាក៏ដោយគឺជាប្រជាជន គឺជាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចឹងយើងកំណត់គោលដៅខេត្តរៀងៗខ្លួន មណ្ឌលរៀងៗខ្លួន ដើម្បីរក្សានូវកៅអីឬអសនៈដែលមានរៀងៗខ្លួន”។
ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា ក៏នឹងប្រារព្ធថ្ងៃកំណើត៧២ឆ្នាំ បង្កើតគណបក្សនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ផងដែរ ដោយមានការធ្វើជាមិទ្ទិញទ្រង់ទ្រាយធំ នៅទូទាំងប្រទេសភ្ជាប់នឹងថ្ងៃដំបូង នៃយុទ្ធនាការឃោសនាផងដែរ ។
ចំណែក គណបក្សហ្វ៊ុនស៊ិនប៉ិចវិញ នឹងហែរក្បួនធំនៅថ្ងៃ២ កក្កដា ដោយចេញពីទីស្នាក់ការធំនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយមានសមាជិកចូល រួមប្រមាណជា៥ពាន់នាក់ដោយចេញនៅតាមដងវិថីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញទោតាមតម្រាយដែលអាជ្ញាធរបានអនុញ្ញាត ។ នេះបើតាម លោក ញឿន រ៉ាដែនអ្នកនាំពាក្យ។ អ្វីដែលជាការសំខាន់លោកថា នឹងមានវត្តមានព្រះអង្គម្ចាស់ ចក្រាវុធយាងមកដឹកនាំឃោសនានាថ្ងៃ២ កក្កដានោះតែម្តង ។ សម្រាប់រាជធានី-ខេត្តផ្សេងទៀតក៏បានមានក្បួនហែរផងដែរ ។
លោកគូសបញ្ជាក់ថា “វត្តមានរបស់ព្រះអង្គម្ចាស់នេះ នឹងដើម្បីបង្ហាញទៅដល់ប្រជារាស្រ្ត ស្វែងនូវការគាំទ្រ”។
សម្រាប់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ ក៏នឹងបោះខិតប័ណ្ណចុះចែកតាមខ្នងផ្ទះប្រជាពលរដ្ឋផងដែរ ។ ដោយសារហិរញ្ញវត្ថុមានកម្រិតលោកមិនបានឃោសនាហែក្បួនជាលក្ខណៈធំដុំដូចបក្សផ្សេងៗទៀតនោះទេ បានតែចែកខិតប័ណ្ណប៉ុណ្ណោះ។
ចំពោះលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ក៏បានរៀបចំក្បួនហែរចេញពីគ្រប់រាជធានី-ខេត្តរយៈពេល២១ថ្ងៃនេះ តាមរយៈប៉ុន្មានគ្រឿងក្នុងមួយរាជធានី-ខេត្ត ហើយនឹងមកជួបគ្នានាថ្ងៃចុងក្រោយក្នុងរាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ បានចូលរួមបោះឆ្នោត នាពេលខាងមុខ។
គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោត របស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ៕