ព័ត៌មានជាតិ

អាណត្តិទី៦៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន ចូលរួមថវិកាជិត ៦០មុឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ ឃុំរវៀង

តាកែវ៖ នៅក្នុងអាណត្តិទី៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន បានចូលរួមថវិកា ជិត៦០ម៊ឺុនដុល្លារ សម្រាប់អភិវឌ្ឍន៍ ឃុំរវៀង ក្នុងនោះរួមមានទាំងភូមិព្រៃស្នួល ផងដែរ។

ថ្លែងក្នុង​ពិធីប្រកាសបើក យុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជា អូន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរវៀង បានលើកឡើងថា ភូមិទាំង២៣ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទទួលបានការអភិវឌ្ឍន៍ យ៉ាងសន្ធឹកសន្ធាប់ ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបានថ្លែងអំណរគុណចំពោះ ក្រុមការងារ ក្រុមប្រឹក្សាឃុំ សប្បុរសជន និងសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ក្នុងការចូលរួមពង្រឹងមូលដ្ឋាន និងសម្របសម្រួល ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

លោកបញ្ជាក់ថា «ក្នុងអាណត្តិទី៦ ក្រុមការងារគណបក្ស និង សប្បុរសជន បានចូលរួមអភិវឌ្ឍន៍ភូមិទាំង២៣ នៃឃុំរវៀង គិតជាថវិកាសរុបប្រមាណជិត៦០ម៊ឺុនដុល្លារ»។

ឆ្លៀតក្នុងឱកាសនោះ លោក ជា អូន បានផ្ដាំថា កុំភ្លេចលេខរៀងទី១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ៕

To Top