នយោបាយ

គណបក្ស កាន់អំណាច សន្យាធានាការពារ និងលើកស្ទួយ ផលប្រយោជន៍ ប្រជាជនបើបន្តឈ្នះឆ្នោត

រូបភាព ៖ បណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ថ្លែងក្នុងយុទ្ធនាការឃោសនា បោះឆ្នោតថ្ងៃដំបូង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាច បានប្រកាសសន្យា ដឹកនាំអនុវត្តន៍ ឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីធានាការការពារ និងលើកស្ទួយ ផលប្រយោជន៍ របស់ប្រជាជន ប្រសិនបើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ។

រូបភាព ៖ បណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ និង រំឭកខួបលើកទី៧២ នៃថ្ងៃបង្កើត គណបក្សប្រជាជន កម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រ ខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។ អនុវត្តសេចក្ដីសម្រេចនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ នៅក្នុងការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំ នឹងឈរយ៉ាងរឹងមាំ លើគោល ជំហរ ជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្ត ឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។ សម្តេចតេជោបានលើកឡើងថាដើម្បីធានាការការពារ និងលើកស្ទួយផលប្រយោ ជន៍របស់ប្រជាជនសម្តេចនឹងជំរុញ ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយជាអាទិភាពដូចជា៖ ១៖ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត, បញ្ជីអាពាហ៍ពិពាហ៍, បញ្ជីមរណភាព, ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ។ ២៖ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, បែងចែកដី និងផ្ដល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រ គ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី គ្រប់ប្រភេទ របស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាម គោលការណ៍ដែលរដ្ឋបានកំណត់ ។ ៣៖ បន្តអនុវត្តគោលការណ៍ លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូរ របស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ និង អាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះ ឱ្យកូនចៅ ឬអ្នកដទៃបាន, បន្តកាត់បន្ថយចំណាយ សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាពថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។ ៤៖ លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និង ការលើកកម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវ ក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រ កាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព ។ ៥៖ បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់សោធន និវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, បន្តអនុវត្តគោលការណ៍មិនយកពន្ធលើប្រាក់បៀវត្សអប្បបរមា របស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគ្រាមានគ្រោះ អាសន្ន និងគ្រាមានវិបត្តិផ្សេងៗ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ និងកម្មវិធី ឧបត្ថម្ភមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ព្រមទាំងកម្មការិនីមានផ្ទៃពោះ និង កូនអាយុក្រោម២ឆ្នាំ។ ៦៖ លើកកម្ពស់ការផ្តល់ សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន ។ ពង្រីកសាលាបឋមសិក្សា ដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យ ដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យ នៅតាមស្រុក, យុវជនទទួលបានឱកាស ក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ៕

រូបភាព ៖ បណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន
To Top