បរទេស៖ អង្គការមិនរកប្រាក់ចំណេញ Open Society Foundations ដំណើរការដោយមហាសេដ្ឋី និងសប្បុរសជន George Soros កំពុងបញ្ឈប់ការងារបុគ្គលិកជាច្រើននាក់ ដែលជាផ្នែកនៃការរៀបចំឡើងវិញដែលកំពុងបន្តដំណើរការ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរការនេះរួមបញ្ចូលទាំង “ការកាត់បន្ថយយ៉ាងច្រើននៃចំនួនសរុបមិនតិចជាង៤០ភាគតយ នៅទូទាំងពិភពលោក”នោះទេ, នេះបើតាម អ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិក។
បើយោងតាមសារព័ត៌មាន Bloomberg គឺថា អង្គការសប្បុរសធម៌បានជួលមនុស្សជាង ៥០០ នាក់គិតត្រឹមដំណាច់ឆ្នាំ ២០២១។
កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាភិបាល នៃអង្គការមិនរកប្រាក់ចំណេញមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាស “ការផ្លាស់ប្តូរដ៏សំខាន់” ចំពោះគំរូប្រតិបត្តិការ “មានបំណងបង្កើនឥទ្ធិពលរបស់ Open Society ក្នុងការជួយទប់ទល់នឹងកងកម្លាំងដែលកំពុងគំរាមកំហែងដល់សង្គមបើកចំហ និងសេរី។”
លោក Soros អាយុ ៩២ឆ្នាំ កំពុងស្ថិតក្នុងដំណើរការប្រគល់ការគ្រប់គ្រង នៃចក្រភពដែលមានទឹកប្រាក់ ១៥ ពាន់លានដុល្លាររបស់គាត់ទៅឱ្យកូនប្រុសរបស់គាត់ឈ្មោះ Alexander អាយុ៣៧ឆ្នាំ។ កូនប្រុសរបស់លោក Soros បានប្រាប់កាសែត Wall Street Journal កាលពីខែមុនថា ទស្សនៈរបស់គាត់គឺស្រដៀងនឹងឪពុករបស់គាត់ ហើយថា គាត់ ជា អ្នកចូលចិត្ត “នយោបាយជាង” ៕ ប្រែសម្រួលៈ ណៃ តុលា