ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង ខណៈតាមផែនការគ្រោងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។

ប្រភពដដែលបន្ដថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរ នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ ។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពាននេះ មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ ហើយគ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ៕

