ភ្នំពេញ ៖ លោកសុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស -និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគ្រប់គ្រង និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យលីមកុកវីង (ក្រុម២) ដោយមានការអញ្ជើញ ចូលរួមពីតំណាងគ្រឹះស្ថានសិក្សា និងសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត សរុបប្រមាណ៧០នាក់ ។

លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុម២) បានមានប្រសាសន៍ ក្នុងរបាយការណ៍ស្វាគមន៍ថា ដោយមើលឃើញ វិស័យអប់រំ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍ វិស័យដទៃៗទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតកម្មវិធីអាហារូបករណ៍ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រីកធនធានមនុស្សកម្ពុជា នៅឆ្នាំ២០០៧ សម្តេចតេជោ ហ៊ុន សែន បានបង្កើត គណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដើម្បីជាយន្តការស្ថាប័ន ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ ដោយឥតគិតថ្លៃ ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេរ មានការកើនឡើង ជាលំដាប់ រហូតនៅឆ្នាំ២០១៤ សម្តេចតេជោ បានចង្អុលបង្ហាញឱ្យបង្កើត សមាគមមួយឈ្មោះថា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ហៅកាត់ថា សមាគម អ.ម.ត ដើម្បីចងក្រងនិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ ទាំងកំពុង និងបញ្ចប់ការសិក្សាបង្កើតឱ្យមានអត្តសញ្ញាណរួមគ្នាមួយ ដើម្បីធ្វើកិច្ចការ ដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិ និងនិស្សិត។

លោកបានបន្តទៀតថា ក្រោមការគិតគូររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត លើការសិក្សារបស់និស្សិត បានសម្រេចបង្កើតឱ្យមានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត តាមបណ្តាគ្រឹះស្ថានសិក្សា ដើម្បីតាមដាន ត្រួតពិនិត្យ ការសិក្សា និងសកម្មភាពរបស់និស្សិត ។ លោក ឡាវ វ៉ាន់ និងសមាជិក សមាជិកថ្មី ចំនួន៤៧រូប បានប្តេជ្ញាថែរក្សានូវសមិទ្ធិផលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេស គឺការរិះរកមធ្យោបាយ ដើម្បីជំរុញនិស្សិត ដែលបានទទួលអាហារូបករណ៍ ដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេរ រៀនបានចប់ចុងចប់ដើម ឱ្យក្លាយជាធនធានមនុស្សកម្ពុជា ដ៏ពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ការការពារសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ប្រធានសមាគម សិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានពាំនាំនូវការថ្លែង អំណរគុណពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់គ្រឹះស្ថានសិក្សា ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោ ដែលនេះ ជាការចូលរួមចំណែកមួយ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ។ លោក បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់គណបក្ស ប្រជាជកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជានាយករដ្ឋមន្ត្រី បានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យកម្ពុជា លេចមុខមាត់នៅលើឆាកអន្តរជាតិ ថែមទៀតផង ។

លោក បានសម្តែងនូវ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ដែលបានខិតខំបំពេញ តួនាទី-ភារកិច្ច របស់ខ្លួន បន្ថែមពីនេះ លោក ក៏លើកទឹកចិត្ត ដល់ក្រុមការងារ បង្កើនការខិតខំបន្ថែមទៀត ដើម្បីចូលរួមជាកម្លាំងចលករ ក្នុងការអភិវឌ្ឍ សង្គមជាតិ ៕







