ភ្នំពេញ ៖ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ ចំណតរថយន្តសាធារណៈ ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត នៅក្រោមដី នាសួនច្បារសាធារណៈ ជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលមិនធ្លាប់មានកន្លងមក ក្នុងខណ្ឌដូនពេញ ។
ចំណតរថយន្តសាធារណៈ ផ្សារទំនើប និងភោជនីយដ្ឋាន ដែលនឹងលេចរូបរាងឡើង នាពេលខាងមុខនេះ ត្រូវបានសាងសង់នៅក្រោមដីឡូត៍ ផ្លូវលេខ១០៦-១០៨ និងលេខ១៣-១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ពោលក្រោមសួនច្បារសាធារណៈជិតផ្សារចាស់ ឬក្រោយផ្សាររាត្រីតែម្តង។
ក្នុងឱកាសនោះលោកឃួង ស្រេង បានលើកឡើងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អ៊ីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក ដោយបានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើន ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ គម្រោងនេះ ពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ ។
លោក ឃួង ស្រេង បន្តទៀតថា ខណ្ឌដូនពេញ នាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្ម ដ៏ធំមួយ ចំកណ្តាលបេះដូង រាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្ត ធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរតែគ្រប់ពេលវេលា និងមានចរន្ត នៃការដោះដូរទំនិញ-សេវាកម្ម ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ យ៉ាងសកម្មបំផុត រួមមាន ៖ វិស័យធនាគារ -ហិរញ្ញវត្ថុ , ពាណិជ្ជកម្ម- សេវាកម្មទំនើប , ការស្តុកទុក-ចែកចាយផលិតផល សម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម ដែលសកម្មភាពទាំងនេះ បានធ្វើឲ្យទីក្រុងកាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត ។ ដូច្នេះ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរ សម្រាប់រាជធានីភ្នំពេញ ក្នុងសតវត្សរ៍ថ្មីនេះ ។
លោកអភិបាលរាជធានីភ្នំពេញ ឲ្យដឹងទៀតថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ ជាការរួមចំណែកដ៏ល្អ របស់វិស័យឯកជន ក្នុងភាពជាដៃគូ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ច ជូនអាជីវករកាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះពីមុនធ្លាប់តែលឺ អំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុង នៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុងភ្នំពេញ ក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃ “សន្តិភាព” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពិតប្រាកដ។
បើតាមការបញ្ជាក់របស់លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានឲ្យដឹងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ដោយ២ជាន់ជាចំណតរថយន្ត និង២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង ។ គោលបំណងដែលក្រុមហ៊ុន អ៊ីឌីស៊ីជូតា បង្កើតគម្រោងខាងលើនេះ ដើម្បីចូលរួមកាត់បន្តយការកកស្ទះចរាចរ និងបង្កើតមុខរបរឲ្យអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរ ក្នុងអគារក្រោមដីនេះបាន ៕