ភ្នំពេញ ៖ រូបថតមួយសន្លឹក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ដែលសូម្បីតែសម្តេចផ្ទាល់ ក៏មិនដែលទាំងបានដឹងផងថា មានជនបរទេស បានថតកាលពីទសវត្សឆ្នាំ៩០នោះ ត្រូវបានដាក់ដេញថ្លៃ នៅប្រទេសបារាំង ។
បើតាមការឲ្យដឹងពីសម្តេចតេជោ ក្នុងបណ្តាញតេឡេក្រាម នារសៀលថ្ងៃ៤ កក្កដា គឺថា រូបថតនេះត្រូវបានថត ដោយអ្នកយកព័ត៌មានបរទេសថត នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលសម្តេចនិងភរិយាអញ្ជើញទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាម ដែលកាលពេលនោះ ការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ ។ ការបង្ហាញរូបដ៏កម្រដែលរូបពេលទៅបោះឆ្នោតសម្តេចមិនដែលទាំងដឹងនេះ ក៏ស្របពេលគៀតជិតបោះឆ្នោត ថ្នាក់ជាតិផងដែរ ។
សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា ការទទួលរូបភាពដ៏កម្រនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងពិធីមង្គលការកូនស្រីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ នាព្រឹកថ្ងៃ៤ កក្កដា ។
សម្តេចថា រូបនេះត្រូវបានដាក់ដេញថ្លៃនៅបារាំង ហើយកូនស្រីរបស់លោកស្រីរដ្ឋមន្រ្តីវប្បធម៌ឈ្មោះ ឆេង និព័ន្ធ ដែលរៀបការនេះបានដេញថ្លៃទិញយកបាន ហើយបានប្រគល់ឲ្យសម្តេចក្នុងថ្ងៃរៀបការរបស់ខ្លួនតែម្តង ។
សម្តេចតេជោ បានគូសបញ្ជាក់ថា “ព្រឹកមិញ ខ្ញុំបានទៅចូលរួមរៀបការកូនស្រី លោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដែលនៅទីនោះ ខ្ញុំបានទទួលរូបថត មួយសន្លឹក ដែលខ្ញុំមិនដែលបានឃើញ ។ រូបថតនេះត្រូវបានថត ដោយអ្នកយកព័ត៌មានបរទេស ថតថ្ងៃ២៤ ឧសភា ១៩៩៣ ពេលដែលខ្ញុំ និងភរិយា ទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាម ដែលកាលពេលនោះ ការបោះឆ្នោតរៀបចំ ដោយអ៊ុនតាក់ ។ រូបថតនេះ ត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង ដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដេញថ្លៃបាន និងយកមកប្រគល់ឲ្យខ្ញុំ នៅថ្ងៃរៀបការរបស់នាង” ។
សម្តេចក៏បានអរគុណ ឆេង និព័ន្ធ និងស្វាមី ដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញ យករូបថតដ៏កម្រនេះប្រគល់។
សម្តេចថា បើគិតពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០២៣ មានរយៈពេល៣០ឆ្នាំគត់ ដែលពេលនោះ សម្តេចមានអាយុ៤១ឆ្នាំ ឯភរិយាអាយុ៣៩ឆ្នាំ ៕