ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំយុទ្ធនាការគាំទ្រការអប់រំឌីជីថល នៅតាមគ្រឹះស្ថានមធ្យមសិក្សាភ្នំពេញ

រូបភាពពី៖​ ហ្វេសប៊ុក

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី៤ កក្កដា បានឲ្យដឹងថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

តាមរយៈយុទ្ធនាការនេះគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦។

សូមបញ្ជាក់ថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត១ ០០០បន្ទប់៕

To Top