ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានប្រកាសបិទបញ្ចប់សម័យប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃ៦ កក្កដា ស្អែកនេះ អមទៅដោយលទ្ធផល គឺអនុម័តច្បាប់បានចំនួន១៥ ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភាបានលើកឡើងថា សម័យប្រជុំរដ្ឋសភា នីមួយៗមានថិរវលាយ៉ាងតិចបីខែ។
ប្រភពថា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មកដល់ថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេលលើស៣ខែនៅក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាលើកទី៩នេះ សម្រេចបានលទ្ធផលការងារដូចតទៅ៖
១- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន ១៥ ច្បាប់ ។ ២-រដ្ឋសភាបានទទួលបានពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋសរុបចំនួន២៧ រឿង ហើយបានបញ្ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន១៤រឿង កំពុងពិនិត្យសិក្សាចំនួន ១៣រឿង និងទទួលលិខិតឆ្លើយតបពីក្រសួង ស្ថាប័នមានសមត្ថកិច្ចចំនួន ៣រឿង ។
៣-ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភាបានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋតាមរាជធានី-ខេត្ត ចូលរួមពិធីសម្ពោធសមិទ្ធផលផ្សេងៗ និងចូលរួមពិធីបើក និងបិទ នៃការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ៤-ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា បានចូលរួមកិច្ចប្រជុំនានា នៃអង្គការអន្តរសភានានាចំនួន ០៣លើក និងបានអមព្រះរាជដំណើរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ។
ប្រភពបានបញ្ជាក់ថា” អាស្រ័យហេតុនេះ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ត្រូវបិទត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ តទៅ”៕