ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីជាអគារបែបទំនើប អាចបម្រើទៅដល់ការអនុវត្តការងារ និងផ្តល់ទំនុកចិត្តជូនសមាជិក

រូបភាព៖ ប.ស.ស.

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននូវសំណង់អគារដ៏ធំស្កឹមស្កៃ មានកម្ពស់២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើប ក្នុងការបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយសមិទ្ធផលទាំងនេះ កើតចេញពីម្លប់នៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។

ការថ្លែងកោតសរសើរខាងលើនេះ ស្ថិតក្នុងឱកាសដែលលោកអគ្គបណ្ឌិតសភាចារ្យ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាល ប.ស.ស. ថ្មី នៅព្រឹកថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា៖ អគារដ៏ធំស្កឹមស្កៃនេះ គឺជាវឌ្ឍនភាពដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់ ថា្នក់ដឹកនាំ អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ប.ស.ស. ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដឹកនាំអង្គភាពមួយនេះ តាំងពីថ្ងៃកកើតដំបូងរហូតដល់បច្ចុប្បន្ន និងសម្រេចបានជាលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគត។

លោកអគ្គបណ្ឌិតសភាចារ្យបានបន្តទៀតថា៖ ប្រព័ន្ធគាំពារសង្គមកម្ពុជា គឺជាសរសរស្ដមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសឱ្យមានភាពធនរឹងមាំ និរន្តរភាពសមធម៌ និងបរិយាបន្ន ព្រមទាំងជួយអភិវឌ្ឍន៍សង្គមជាតិ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល។ ហេីយក្នុងក្របខណ្ឌជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ បានកំណត់យកអភិបាលកិច្ចល្អជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ព្រមទាំងមានការកំណត់ដោយបែងចែកមុខងារស្ថាប័នពាក់ព័ន្ធជា៣កម្រិតដោយរួមមាន៖ (១).កម្រិតគោនយោបាយ (២).កម្រិតនិយ័តករ និង (៣).កម្រិតប្រតិបត្តិករ ដែលក្នុងនោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិករក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាផងដែរ។ 

ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា៖ អគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ថ្មីនេះមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីដែលមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ, ប្រព័ន្ធគ្រប់គ្រងអគារ, ប្រព័ន្ធត្រជាក់, ប្រព័ន្ធគ្រប់គ្រងទឹក, អគ្គីសនី, ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ, ប្រព័ន្ធគ្រប់គ្រងទិន្នន័យ, គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង ១ ០៤០ម៉ែត្រ ដើម្បីឱ្យស្របតាមកំណើនទំហំការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងអាចធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវា និងអត្ថប្រយោជន៍ជូនសមាជិកខ្លួន។

លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងទៀតថា៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីនេះ ជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ ទូលំទូលាយ ប្រកបដោយនិរន្តភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ អគារស្នាក់ការ ប.ស.ស. ដ៏ល្អនេះជាកេរ្តិ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយប្រើប្រាស់និងអភិវឌ្ឍបន្ត។

លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា៖ ស្របពេលមានភាពរីកចម្រើន ដោយឈរលើមូលដ្ឋានសមិទ្ធផលចម្បងៗ ដែលបានសម្រេចដោយជោគជ័យយ៉ាងត្រចះត្រចង់កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ទិសដៅជាយុទ្ធសាស្ត្រដូចខាងក្រោម ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមដូចជា៖ 

១-បន្ដពង្រឹងប្រព័ន្ធសន្ដិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

២-បន្ដអនុវត្តគោលនយោបាយតម្រូវ ឱ្យនិយោជកមានកាតព្វកិច្ចបង់ភាគទានជំនួសកម្មករនិយោជិត ១០០% សម្រាប់របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនិងបន្ដសិក្សាសមិទ្ធិលទ្ធភាពរៀបចំដាក់ឱ្យដំណើរការផ្នែកនិកម្មភាពការងារ។

៣-បន្ដអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ដ្រីសាធារណៈ ចំពោះរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោជន និងបង់ជំនួសអតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។

៤-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃផ្សេងទៀត។

៥-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកការគ្របដណ្ដប់របបសន្ដិសុខសង្គមដល់បុគ្គលក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក។

៦.ជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីរបស់បេឡាជាតិសន្តិសុខសង្គម ក្នុងការសិក្សាគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងពង្រីករបបសន្តិសុខសង្គម និងការរៀបចំផែនការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលផ្តល់ផលប្រយោជន៍ដល់សមាជិកបេឡាជាតិសន្តិសុខសង្គម។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ លោកអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់ថ្នាក់ដឹកនាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ ប.ស.ស. ដែលមានស្នាដៃក្នុងការបំពេញការងារជូនអង្គភាពមួយនេះផងដែរ៕

រូបភាព៖ ប.ស.ស.
To Top