ភ្នំពេញ៖ លោក Nicholas Moore បេសកជនពិសេស របស់អូស្ត្រាលី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នាសប្តាហ៍ក្រោយនេះ ។
យោងតាម សេចក្ដីប្រកាស ព័ត៌មានរបស់ទូតអូស្ត្រាលីប្រចាំកម្ពុជា នាថ្ងៃទី៧ កក្កដា បានឲ្យដឹងថា ទស្សនកិច្ចនេះជាផ្នែកមួយ នៃដំណើរកិច្ច ពិគ្រោះយោបល់ ថ្នាក់តំបន់របស់លោក ដើម្បីជួយគាំទ្រ ដល់ការអភិវឌ្ឍយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដល់ឆ្នាំ២០៤០។ យុទ្ធសាស្ត្រនេះនឹង កំណត់មាគ៌ាជាក់ស្តែង ដើម្បីពង្រឹងការចូលរួមផ្នែកសេដ្ឋកិច្ច របស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍ ដោយគូសវាសឱកាសថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។
លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសតែងតាំង លោក Nicholas Moore ជាបេសកជនពិសេសប្រចាំទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ នៅពេលដែលលោកអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ី បូព៌ាលើកទី១៧ ។
លោក Nicholas Moore មានប្រសាសន៍ថា “ខ្ញុំរង់ចាំស្តាប់អំពីទស្សនវិស័យ របស់អ្នកដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ អំពីរបៀបដែលអូស្ត្រាលី អាចជួយបំពេញតម្រូវការសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនរបស់កម្ពុជា ។ អូស្ត្រាលីមានអ្វីៗជាច្រើន ដើម្បីផ្តល់ដល់ប្រទេសកម្ពុជា និងតំបន់ទាំងមូល ក្នុងនាមជាដៃគូដែលគួរឲ្យជឿជាក់ និងអាចទុកចិត្តបាន” ។
ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោក Nicholas Moore បេសកជនពិសេស នឹងជួបអ្នកជំនួញធំៗ មកពីវិស័យផ្សេងៗ រួមមាន ៖ កសិកម្ម អប់រំ រ៉ែ-ធនធាន និងធនាគារ ។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់លោក លោក Nicholas Moore ក៏នឹងចូលរួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនូវ ”សៀវភៅស្តីពីការវិនិយោគ នៅកម្ពុជា” ដែលជាការណែនាំជាក់ស្តែង សម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗទៀត ដែលកំពុងស្វែងរកឱកាស នៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ ស្តីពីការវិនិយោគឆ្នាំ២០២១ (LOI) ៕