ព័ត៌មានជាតិ

កម្ពុជា នាំចេញអង្ករ ៣៣ម៉ឺនតោនទទួលចំណូល ២២៩លានដុល្លារ ក្នុង​រយៈពេល​ ៦ខែឆ្នាំនេះ​

រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជា បានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារ។

តាមរយៈលិខិតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានលើកឡើងថា «ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០»។

ប្រភព ដដែល រៀបរាប់ថា ក្នុងនោះ អង្ករកម្ពុជា នាំទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦លានដុល្លារ, ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លារ, ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន ២៨,១១០ តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លារ និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២១ គោលដៅបានបរិមាណចំនួន ៤១,០៤២ តោន គិតជាទឹកប្រាក់មានចំនួន ៣៤.៧៣លានដុល្លារ។

ក្នុងឆមាសទី១នេះ ទីផ្សារក្នុងប្រទេសអាស៊ាន មានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និង ព្រុយណេ។ ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែង ១១.៣៤% អង្ករសគ្រាប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយ ២.៤២% អង្ករសរីរាង្គចំនួន ១.០២%។

ចំណែក ក្នុងឆមាសទី១នេះដែរ កម្ពុជា បាននាំចេញស្រូវ ទៅកាន់ប្រទេសជិតខាង ចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់ នៃការនាំចេញស្រូវ ចំនួន ៥៧៨.៦៨លានដុល្លារ ក្នុងចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច ៕

To Top